គម្រោងបញ្ចប់ការសាងសង់ពហុកីឡដ្ឋានជាតិតេជោ នឹងពន្យារទៅដល់ខែមីនា ឬខែមេសា ឆ្នាំក្រោយ ដោយសារកូវីដ-១៩

មាស សុផាណារ៉ុង August 24, 2020


 

ភ្នំពេញ៖ យោងតាមការបញ្ជាក់របស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្រង់ចេញពីគេហទំព័រថ្មីថ្មី ក៏ដូចជាគេហទំព័រអចលនទ្រព្យដ៏ធំជាងគេក្នុងស្រុក (construction-property.com) បានឲ្យដឹងថា គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរកតតេជោ នឹងមិនបញ្ចប់នៅចុងឆ្នាំនេះតាមការគ្រោងទុកឡើយ ពោលគឺនឹងពន្យារទៅដល់ខែមីនា ឬខែមេសា ឆ្នាំក្រោយ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឱ្យដឹងនៅថ្ងៃទី១២ ខែសីហា កន្លងទៅថា ការអូសបន្លាយនៃការសាងសង់នេះ គឺដោយសារវិបត្តិកូវីដ-១៩ ដែលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់ប្រទេសនៃអ្នកជំនាញចិន ក៏ដូចជាការដឹកជញ្ជូនសំភារៈមួយចំនួនផងដែរ។

ឯកឧត្តមថ្លែងប្រាប់ដូច្នេះថា៖ «ជារួម ការងារសាងសង់សម្រេចបាន ៨០% ហើយ។ នៅសល់តែគ្រឿងបំពាក់ គ្រឿងលំអ និងគ្រឿងបំពាក់តុបតែខាងក្រៅនោះទេ ហើយការងារទាំងអស់នេះនឹងសម្រេច នៅខែមីនា ឬខែមេសា ឆ្នាំ២០២១ នេះ ធ្វើយ៉ាងណាធ្វើឱ្យចប់មុនស៊ីហ្គេម។»

សូមបញ្ជាក់ថា ពហុកីឡដ្ឋានដ៏ធំមួយនេះ កំពុងសាងសង់ដោយក្រុមហ៊ុនប្រទេសចិន China State Construction Engineering Corporation លើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ ក្រោមថវិកាជំនួយឥតសំណងរបស់ចិន ១៦០លានដុល្លារ។

ពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់កាលពីខែមេសា ឆ្នាំ២០១៧ ក្រោយបញ្ចប់ការសាងសង់ កីឡដ្ឋាននេះ នឹងអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់ ពោលគឺដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ នៅឆ្នាំ២០២៣៕

 

ដកស្រង់ប្រភពព័ត៌មាន៖ ថ្មីថ្មី |construction-property.com

មតិយោបល់