សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ណែនាំគោលការណ៍ ៣ចំនុច សំដៅជំរុញល្បឿននៃការជំរុញការយល់ដឹង ស្ដីពី SEA Games ២០២៣

មាស សុផាណារ៉ុង August 10, 2020


 

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានប្រារព្ធពិធីប្រកាសពានរង្វាន់ជូនជ័យលាភីស្លាកសញ្ញា និមិតសញ្ញារូបសត្វតំណាង និងការរាប់ថយក្រោយ១០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយពិធីដ៏ឱឡារិកនេះ ត្រូវបានប្រារព្ធធ្វើឡើង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។

ជាមួយគ្នានោះផងដែរ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ២០២៣ ហៅ​កាត់​ CAMSOC ក៏បាន​ណែនាំគោលការណ៍ ៣ចំនុច សំដៅល្បឿននៃការជំរុញការយល់ដឹង ស្ដីពី SEA Games ២០២៣ នៅគ្រប់មជ្ឈដ្ឋាន នៃសង្គមសូម អនុប្រធាន CAMSOC ជាអភិបាល នៃគណៈអភិបាលរាជធានីខេត្ត ចាប់ផ្ដើមប្រើប្រាស់ Logo-Mascot ផ្សព្វផ្សាយ SEA Games ភ្ជាប់ជាមួយយុទ្ធនាការអប់រំ «ប្រជាជនម្នាក់លេងកីឡាមួយមុខ» «កម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ» «កាត់បន្ថយគ្រឿងញៀន» «កាត់បន្ថយគ្រោះថ្នាក់ចរាចរ» តាមគោលការណ៍ណែនាំដូចខាងក្រោម៖

១ ចូលរួមថែរក្សា ការពារកម្មសិទ្ធិបញ្ញា នៃស្លាកសញ្ញា Logo និងរូបសត្វតំណាង Mascot ដែលជាទ្រព្យសម្បត្តិមរតករបស់ SEA Games លើកទី៣២ ឆ្នាំ២០២៣ ដោយមិនអនុញ្ញាតឲ្យមានការប្រើប្រាស់ដោយគ្មានការអនុញ្ញាតពី CAMSOC ឡើយ។

២ សហការណ៍ជាមួយអគ្គលេខាធិការដ្ឋាន យក Logo-Mascot រៀបចំបោះពុម្ពផ្សព្វផ្សាយ ក្នុងមូលដ្ឋានដែនសមត្ថកិច្ចរបស់ខ្លួន ដោយភ្ជាប់ជាមួយខ្លឹមសារនៃបាវចនា «កីឡាកររស់ក្នុងសន្តិភាព» និងខ្លឹមសារយុទ្ធនាករ «ប្រជាជនម្នាក់លេងកីឡាមួយមុខ» «កម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ» «កាត់បន្ថយគ្រឿងញៀន កាត់បន្ថយគ្រោះថ្នាក់ចរាចរ»

៣ សូមអាជ្ញាធររាជធានីខេត្ត រៀបចំធ្វើស្លាកប៉ាណូធំៗ រូប Logo-Mascot តាមសួនសារធារណៈយ៉ាងហោចចំនួន១ ចាប់ពីពេលនេះតទៅ។

រិឯអគ្គលេខាធិការដ្ឋាន និងគណៈកម្មការជំនាញទទួលខុសត្រូវរបស់ CAMSOC ត្រូវរៀបចំសម្ភារៈផ្សព្ចផ្សាយបោះពុម្ព Logo-Mascot ភ្ជាប់ជាមួយខ្លឹមសារទ្រឹស្ដី ហាត់ហ្វឹកហ្វឺន ដើម្បីជំរុញចិត្តសាស្ត្រកីឡា ដោយត្រូវបំពាក់គ្រប់ក្លិបហ្វឹកហាត់ក្រុមជម្រើសជាតិគ្រប់ប្រភេទកីឡា និងគ្រប់ទីកន្លែងប្រជុំកីឡា ក៏ដូចជាការិយាល័យ អគ្គលេខាធិការដ្ឋាន គណៈកម្មការជំនាញនានរបស់ CAMSOC។

សូមបញ្ជាក់ថា ដំណើរឆ្ពោះទៅរៀបចំ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយចាប់រាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ តទៅរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃពិធីបើកជាផ្លូវការ មានចំនួន១០០០ថ្ងៃគត់។ រីឯការទទួលរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ នឹងរៀបចំធ្វើបន្ទាប់ពីបញ្ចប់ស៊ីហ្គេម លើកទី៣២ ប្រមាណ២សប្តាហ៍ ដែលមានកាលបរិច្ឆេទពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់