អត្ថន័យខ្លឹមសារស្លាក​សញ្ញា ​រូប​សត្វ​តំណាង​ និងបាវចនា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

មាស សុផាណារ៉ុង August 8, 2020


 

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានប្រារព្ធពិធីប្រកាសពានរង្វាន់ជូនជ័យលាភីស្លាកសញ្ញា និមិតសញ្ញារូបសត្វតំណាង និងការរាប់ថយក្រោយ១០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយពិធីដ៏ឱឡារិកនេះ ត្រូវបានប្រារព្ធធ្វើឡើង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ បានធ្វើការជម្រាបជូនពីអត្ថន័យ ខ្លឹមសារ ស្លាក​សញ្ញា ​រូប​សត្វ​តំណាង​ និងបាវចនា ស៊ីហ្គេម២០២៣ ផងដែរដូចខាងក្រោម៖

  • ស្លាកសញ្ញា (Logo)៖

មាននិមិត្តរូបប្រាសាទអង្គរវត្តពណ៌មាស រូបនាគព័ន្ធ ៤ពណ៌ខុសៗគ្នា ជាមួយកងចំនួន ១១ជាស្លាកសញ្ញាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ពណ៌ទឹកមាស និងពាក្យភាសាអង់គ្លេសខាងក្រោម “The 32nd SEA Games Cambodia Phnom Penh” ។ រីឯស្លាកសញ្ញាការប្រកួតកីឡាជនពិការមាននិមិត្តរូបដូចគ្នា ខុសតែស្លាកសញ្ញាកីឡាជនពិការអាស៊ីអាគ្នេយ៍តែប៉ុណ្ណោះ។

ខ្លឹមសារអត្ថន័យ អត្ថរស់នៃ Logo ទាំងពីរបង្កប់នូវថាមពល នៃវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិដ៏ត្រចេះត្រចង់របស់ខ្មែរគ្រប់ជំនាន់ជាមួយនឹងស្មារតីនាគព័ន្ធ គឺសាមគ្គីភាព សហប្រតិបត្តិការនៃបណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ជាសមាជិក SEA Games។

  • រូបសត្វតំណាង (Mascot)៖

ជានិមិត្តរូបសុភាពទន្សាយញីឈ្មោលចំនួនពីរ មានឈ្មោះថា បុរី ជាតួអង្គប្រុស និង រំដួល ជាតួអង្គស្រ្តី ដែលតួអង្គប្រុសដៃស្ដាំកាន់ភ្លើងគប់កីឡា តួអង្គស្រ្តីសំពះស្វាគមន៍ភ្ញៀវ ហើយតួអង្គទាំងពីរ បញ្ចេញទឹកមុខ និងស្នាមញញឹមខ្មែរ រួសរាយរាក់ទាក់ស្វាគមន៍យ៉ាងកក់ក្ដៅ ប្រតិភូ និងភ្ញៀវ SEA Games លើកទី៣២ ឆ្នាំ២០២៣។

រីឯការគ្រងសំលៀកបំពាក់ជាកីឡាករ-កីឡាការិនីគុនល្បុក្កតោ ដែលជាប្រភេទកីឡាអត្តសញ្ញាណជាតិ គឺជាប្រភេទកីឡាដែលបានចុះបញ្ជីបេតិកភណ្ឌអរូបិយជាតិពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបានស្នើសុំចុះបញ្ជីបេតិកភណ្ឌអរូបិយនៃមនុស្សជាតិអង្គការ UNESCO ផងដែរ។

ខ្លឹមសារអត្ថន័យ អត្ថរស់នៃ Mascot គឺជារូបសុភាពទន្សាយតំណាងឲ្យតួអង្គសន្តិភាពនិយម ជាតួអង្គសុភាពរាបសារ ទន់ភ្លន់ បញ្ញាឈ្លាសវៃ យុត្តិធម៌គួរឲ្យស្រលាញ់ នៃប្រជាជនខ្មែរគ្រប់រូបគ្រប់ជំនាន់ ពិសេសគុណសម្បត្តិ និងគុណតម្លៃដ៏អស្ចារ្យនៃសុភាពទន្សាយ បានលេចត្រដែតក្នុងរឿងនិទានខ្មែរដែលជាអក្សសិល្ប៍ប្រជាប្រិយខ្មែរដ៏ល្អឥតខ្ចោះ។ ម៉្យាងទៀតឆ្នាំ២០២៣ គឺជាឆ្នាំថោះ ឆ្នាំសត្វទន្សាយផងដែរ។

  • បាវចនា (Motto)៖

“កីឡារស់ក្នុងសន្តិភាព” “Sports Live in Peace” មានអត្ថន័យស៊ីជម្រៅ ក្នុងគុណប្រយោជន៍នៃសន្តិភាព មានសន្តិភាពទើបកីឡាមានជីវិត កីឡាមានសកម្មភាព និងកីឡាមានការអភិវឌ្ឍន។

សូមបញ្ជាក់ថា ដំណើរឆ្ពោះទៅរៀបចំ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយចាប់រាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ តទៅរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃពិធីបើកជាផ្លូវការ មានចំនួន១០០០ថ្ងៃគត់។ រីឯការទទួលរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ នឹងរៀបចំធ្វើបន្ទាប់ពីបញ្ចប់ស៊ីហ្គេម លើកទី៣២ ប្រមាណ២សប្តាហ៍ ដែលមានកាលបរិច្ឆេទពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់