សហព័ន្ធខ្មែរកីឡាទោចក្រយាន គ្រោងបញ្ជូនកីឡាករ ៣នាក់ទៅហ្វឹកហាត់នៅប្រទេសបារាំង

នូ មករា July 23, 2020


 

ភ្នំពេញ៖ ក្នុងកិច្ចសហការរវាងសហព័ន្ធខ្មែរកីឡាទោចក្រយាន និងសមាគមប្រណាំងកីឡាទោចក្រកម្ពុជា នៅប្រទេសបារាំង “Cambodia Cycling Academy” បានប្រកាសឱ្យដឹងពីគម្រោងនៃការរៀបចំបញ្ជូនកីឡាករជម្រើសជាតិឈុតធំចំនួន ៣នាក់ ដើម្បីទៅចូលរួមការហ្វឹកហាត់រយៈពេលវែងចំនួន ៣ខែ នៅប្រទេសបារាំង តែម្តង។


យោងតាមការបញ្ជាក់របស់សហព័ន្ធបានឱ្យដឹងថា កីឡាករទាំង ៣នាក់មានដូចជា​ កីឡាករ យឿន ភីយុទ្ធ, កីឡាករ ហួត លយរស្មី និងកីឡាករ គឹម ចាន់ធូ ដែលពួកគេបានធ្វើការសម្ភាសន៍នៅស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងរៀបចំគ្រប់ឯកសាររួចរាល់ហើយដោយគ្រោងនឹងចេញដំណើរទៅហ្វឹកហាត់នៅប្រទេសបារាំងនាខែកញ្ញាខាងមុខនេះ។

សូមបញ្ជាក់ថា ក្នុងការបញ្ជូនកីឡាករទៅហ្វឹកហាត់នេះផងដែរ ខាងសមាគមកីឡាទោចក្រយាននៅប្រទេសបារាំងជាអ្នករ៉ាប់រងលិខិតស្នាមនានា ការស្នាក់នៅ ហូបចុក និងសំបុត្រយន្តហោះធ្វើដំណើរទៅមកជូនក្រុមកីឡាករកម្ពុជា។ តាមការរៀបចំ ក្រុមកីឡាករ ទាំង៣នាក់នេះនឹងហ្វឹកហាត់ជាមួយក្រុមកីឡាករបរទេស និងគ្រូបង្វឹកជាជនជាតិបារាំង ដើម្បីបង្កើនសមត្ថភាព ក៏ដូចជាបទពិសោធន៍ និងដើម្បីត្រៀមចូលរួមការប្រកួតជាអន្តរជាតិនានា ជាពិសេសត្រៀមចូលរួមប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខផងដែរ៕

មតិយោបល់