កីឡាអេឡិចត្រូនិច Update វិញ្ញាសា Mobile Legends កាន់តែពិសេសជាងមុន

នូ មករា July 23, 2020


ភ្នំពេញ៖ ដោយមើលឃើញពីការរីកម្រើន និងសន្ទុះអ្នកចូលចិត្តកម្សាន្តកាន់តែច្រើននោះ កីឡាអេឡិចត្រូនិចបានប្រកាសពីការ Update ក៏ដូចជាបង្ហាញពីនិមិត្តសញ្ញាថ្មីនៃវិញ្ញាសា Mobile Legends: Bang Bang ឱ្យកាន់តែពិសេសជាងមុនដើម្បីទាក់ទាញ និងធ្វើតាមតម្រូវការរបស់អ្នកចូលចិត្តលេងវិញ្ញាសាប្រភេទនេះឱ្យកាន់តែច្រើនឡើងៗ។

និមិត្តសញ្ញាថ្មីរបស់វិញ្ញាសាកីឡាអេឡិចត្រូនិច Mobile Legends: Bang Bang ត្រូវបានក្រុមការងារអភិវឌ្ឍកីឡាមួយប្រភេទនេះបានដាក់ចេញនូវលក្ខណៈពិសេសជាច្រើនដោយបន្ថែមលើការកែប្រែ Hero ថ្មី ព្រមទាំងឡូហ្គោគម្រោង Project NEXT ផ្លូវការ និងការអភិវឌ្ឍជាច្រើនទៀតក៏ត្រូវបានបង្ហាញជាផ្លូវការ និងជាលើកដំបូងដែរកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះនៅលើផេកផ្លូវការរបស់ខ្លួន។

បើតាមអគ្គលេខាធិការរង សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា លោកជា ចាន់ដ៉ារ៉ា បានឱ្យដឹងថា៖ “វិញ្ញាសា Mobile Legends: Bang Bang បាននឹងកំពុងធ្វើការអភិវឌ្ឍបង្កើនប្រសិទ្ធភាពច្នៃប្រឌិតឥតឈប់ឈរឆ្លើយតបទៅនឹងតម្រូវការ និងមតិស្ថាបនានានារបស់អ្នកកម្សាន្តគ្រប់ពេលវេលា។” លោកបន្តថា៖ “ការអភិវឌ្ឍន៍ទៅលើវិញ្ញាសាមួយនេះក៏ដូចជាឡូហ្គោ Project NEXT គឺជាគម្រោងដ៏អស្ចារ្យមួយដែលរបស់ប្រភេទកីឡាអេឡិចត្រូនិច។ ឡូហ្គោនេះ មានពណ៌មាសជានិមិត្តរូបបញ្ជាក់ពីភាពរុងរឿង យុត្តិធម៌ និងសេចក្តីពេញចិត្ត។ ចំណែកត្បូងពេជ្រពណ៌ខៀវចាំងច្រាលគឺបញ្ជាក់ភាពរឹងមាំនៅក្នុងហ្គេមដែលមិនត្រឹមតែតំណាងឲ្យសេចក្តីសង្ឃឹមប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាជាពន្លឺនាំផ្លូវឆ្ពោះទៅមុខជានិច្ច។ ផ្នែកខាងក្រោម រាងអក្សរ V គឺប្រៀបដូចជាកំពូលភ្នំដែលជានិម្មិតរូបនៃសមិទ្ធិផលកន្លងមក និងការផ្សងព្រេងថ្មីកំពុងរង់ចាំដែលហៅឈ្មោះថា “NEXT”។”

លោកបានរំលឹកថា ក្នុងឆ្នាំ២០១៩កន្លងទៅ Mobile Legends: Bang Bang 2.0 បានធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំ និងទទួលបានការអបអរពីអ្នកលេងទូទាំងពិភពលោក។

គួរបញ្ជាក់ផងដែរថា គម្រោង Project NEXT ត្រូវបានគេរំពឹងថានឹងក្លាយជាគម្រោងដ៏យូរអង្វែងដែលមានគោលបំណងផ្តល់ឲ្យអ្នកកម្សាន្តទទួលបានបទពិសោធន៍ហ្គេមពិសេសថ្មីតាមរយៈការកែសម្រួល Heroes រូបរាង សំឡេង និងព្រមទាំងទស្សនជាសកល ដោយMobile Legends: Bang Bang មានគោលដៅឥតងាករេទេក្នុងការស្វះស្វែងរកទាំង «គុណភាពកាន់តែប្រសើរ និងបទពិសោធកាន់តែអស្ចារ្យ»។ នោះហើយជាហេតុផលដែលឡូហ្គោផ្តាច់មុខមួយត្រូវបានឌីហ្សាញឡើងសម្រាប់គម្រោង Project NEXT៕

មតិយោបល់