លោកស្រី កែ ឡេង ត្រូវបានចាត់ទុកជា “ជាបុគ្គលអមតៈសម្រាប់កីឡាប៉េតង់ពិភពលោក”

មាស សុផាណារ៉ុង July 17, 2020


 

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Fresh News បានឱ្យដឹងថា លោក Claude Azema ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ពិភពលោក បានប្រកាសចាត់ទុកវីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសប៉េតង់ពិភពលោក ៤ជំនាន់ជាប់ៗគ្នាលើវិញ្ញាសាវាយយកពិន្ទុ គឺជាបេតិកភណ្ឌក្នុងវិស័យកីឡាមួយនេះហើយក៏ជានិមិត្តរូបអមតៈរបស់កីឡាប៉េតង់ពិភពលោកផងដែរ។

លោកបានបន្ដថា៖ «ដូច្នេះខ្ញុំអាចនិយាយបានថា កែ ឡេង លោកស្រីជាបេតិកភណ្ឌក្នុងវិស័យកីឡាប៊ូល និងប៉េតង់។ មានបុគ្គលិកដែលគួរឲ្យស្ញប់ស្ញែងនៅលើពិភពលោកដូចជា Michael Jordan សម្រាប់កីឡាបាល់បោះ Car Lewis សម្រាប់អត្តពលកម្ម Michael Phelps សម្រាប់កីឡាហែលទឹក និងសម្រាប់ស្ដ្រីមានដូចជាលោកស្រី La Tsarine មកពីប្រទេសរុស្ស៊ី ។ ពេលនេះ កែ ឡេង លោកស្រីក៏កំពុងឈរនៅក្នុងកម្រិតពិភពលោកដូចបុគ្គលទាំងនោះដែរ»។

លើសពីនេះបន្ថែមទៀតថា៖ «ខ្ញុំចង់និយាយជាភាសាខ្មែរឥឡូវលោកស្រីជាបុគ្គលអមតៈ អមតៈសម្រាប់កីឡាប៉េតង់ពិភពលោក។ លោកស្រីបានបង្កើតការទទួលស្គាល់ក្នុងយុគសម័យនេះ សម្រាប់កីឡាករ-កីឡាការិនីប៉េតង់ទាំងអស់។ ដូច្នេះកុំសើច ពេលខ្ញុំព្យាយាមនិយាយពាក្យខ្លះពីរឿងនេះជាភាសារខ្មែរ៖ ម៉ាដាម កែ ឡេង បាទ ម៉ាដាម អ្នកក្លាយជានិមិត្តរូបអមតៈនៃកីឡាប៉េតង់។ អ្នកបានសម្គាល់យុគសម័យរបស់អ្នក។ អ្នកសមនឹងទទួលបានសេចក្ដីស្រឡាញ់របស់យើង កែ ឡេង»។

សូមបញ្ជាក់ថា វីរកីឡាការិនី កែ ឡេង បានឈ្នះមេដាយមាសពិភពលោក ៤ជំនាន់កាលពីឆ្នាំ២០១៣ (នៅបារាំង), ឆ្នាំ២០១៥ (នៅថៃ), ឆ្នាំ២០១៧ (នៅចិន) និងឆ្នាំ២០១៩ (នៅកម្ពុជា)។ លោកកស្រីក៏ធ្លាប់បានឈ្នះមេដាយអន្ដរជាតិជាច្រើនទៀតដែរ រុបមានមេដាយមាស ២២, ប្រាក់ ១៤ និងសំរឹទ្ធ ១៧ គ្រឿងឯណោះ ក្នុងរយៈពេល ២៧ឆ្នាំដែលលោកស្រីលេងកីឡានេះ៕

មតិយោបល់