អតីតកីឡាករ និងជាគ្រូជម្រើសជាតិកីឡាហែលទឹក បានទទួលមរណភាពក្នុងវ័យ ៤៩ឆ្នាំ

មាស សុផាណារ៉ុង July 15, 2020


 

ភ្នំពេញ៖ អតីតកីឡាករជម្រើសជាតិកម្ពុជា និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកីឡាហែលទឹកកម្ពុជា ទាំងប្រភេទកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក លោក ហែម លំផាត់ បានទទួលមរណភាពហើយ កាលពីវេលាម៉ោង ១រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្នុងវ័យ ៤៩ឆ្នាំ ដោយរោគាពាធ។

ជាមួយមរណភាពរបស់គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាហែលទឹកនេះ គ្រួសារកីឡាហែលទឹក ទាំងប្រភេទកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក បានសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់ធនធានគ្រូបង្វឹកដ៏ឆ្នើម ដែលធ្លាប់បង្វឹក និងផលិតធនធានកីឡាករ-កីឡាការិនីល្អៗជាច្រើន ដើម្បីចូលរួមប្រកួតទាំងថ្នាក់ជាតិ និងអន្ដរជាតិ។

តាមការឲ្យដឹងពីលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបញ្ជាក់ថា លោក ហែម លំផាត់ មានអាការៈឈឺពោះ ១សប្ដាហ៍មកហើយ បន្ទាប់មកគ្រួសារលោកក៏បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ទើបដឹងថា គាត់ធ្លាយក្រពះ ហើយក្រុមគ្រូពេទ្យក៏បានព្យាបាលហើយដែរ តែនៅតែមានឈាមហូរ រហូតដល់យប់មិញ លោកបានធ្វើទុក្ខខ្លាំងរហូតទទួលមរណភាពតែម្តង។

គួរបញ្ជាក់ថា បច្ចុប្បន្នសពលោក ហែម លំផាត់ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន (ផ្ទះ១៨៩) សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ តាមបណ្ដោយផ្លូវ២០០៤ ហើយគ្រោងដង្ហែរទៅបូជា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ លោក ហែម លំផាត់ ត្រូវបានស្គាល់ថាជាកូនទី២ របស់ព្រឹទ្ធាចារ្យ ហែម ថុន និងជាពូរបស់កីឡាការិនី ហែម ថុនវិទិនី ផងដែរ៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ ណារ៉ុង

មតិយោបល់