សហ័ពន្ធកីឡាប៉េតង់ សម្ពោធស្នាក់ការថ្មី និងរៀបចំផែនការឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

មាស សុផាណារ៉ុង July 9, 2020


 

ភ្នំពេញ៖ កាលពីល្ងាចម្សិលមិញនេះ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានរៀបចំពិធីសម្ភោធស្នាក់ការថ្មីរបស់ខ្លួននៅក្នុងពហុកីឡដ្ឋានជាតិ ក្រោមវត្តមាន ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងបានបើកកិច្ចប្រជុំកំណែទម្រង់គ្រូបង្វឹក ក្រុមជម្រើសជាតិ សម្រួចទិសដៅឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា៖ «សហព័ន្ធបាននឹងកំពុង រៀបចំសៀវភៅបច្ចេកទេសគ្រូ និងបើកវគ្គបណ្ដុះបណ្ដាលទៅតាមកម្រិតនីមួយៗ ដើម្បីបង្កើនធនធានចូលរួមអភិវឌ្ឍន៍កីឡាប៉េតង់កម្ពុជា ទៅគ្រប់រាជធានី-ខេត្តឲ្យមានប្រសិទ្ធភាព ហើយចម្រាញ់បានធនធានកីឡាករ-កីឡាការិនី មានសមត្ថភាពកាន់តែច្រើន សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។»

លោកបន្តថា៖ «ចំពោះកំណែទម្រង់គ្រូបង្វឹក នឹងត្រូវបែងចែកជា ៣កម្រិត ទី១-គ្រូកម្រិត-A និងទី២-គ្រូបង្វឹកកម្រិត-B ដែលជាគ្រូក្របខណ្ឌថ្នាក់ជាតិ។ រីឯទី៣-គ្រូបង្វឹកកម្រិត-C ជាគ្រូក្របខណ្ឌថ្នាក់ក្រោមជាតិ។ ប៉ុន្ដែត្រូវឆ្លងកាត់ការប្រឡង និងមានលិខិតសម្គាល់ត្រឹមត្រូវ ទើបអាចស្នើសុំក្របខណ្ឌគ្រូបង្វឹកទាំង ៣កម្រិតខាងលើបាន។»

ដោយឡែកក្រុមជម្រើសជាតិវិញ ត្រូវបែងចែកជា ៣ផ្នែកដូចគ្នា ទី១-ក្រុមជម្រើសជាតិថ្នាល ទី២-ក្រុមជម្រើសជាតិយុវជន និងទី៣-ក្រុមជម្រើសជាតិបុរស និងនារី ដោយរក្សាសមាសភាពសរុប ៥១នាក់ដដែល គ្រាន់តែបន្ថែមផ្នែកជម្រើសជាតិយុវជន។ ការបែងចែកបែបនេះ ព្រោះសហព័ន្ធចង់ពង្រឹងប្រសិទ្ធភាពអភិវឌ្ឍន៍ និងសមត្ថភាពកីឡាករ-កីឡាការិនី មុនឆ្លងពីកម្រិតថ្នាល ទៅកម្រិតយុវជន និងពីកម្រិតយុវជន ទៅក្រុមធំ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់