ស្វែងយល់អត្ថន័យ ស្លាកសញ្ញា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា

មាស សុផាណារ៉ុង July 9, 2020


 

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (ជាភាសាអង់គ្លេស CAMSOC) កាលពីសប្ដាហ៍កន្លងទៅបានសម្រេចលើស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ស៊ីហ្គេម សម្រាប់ឆ្នាំ២០២៣ រួមទាំងកិច្ចការមួយចំនួនទៀត ក្រោមការដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។

កិច្ចប្រជុំបានឯកភាពលើការសម្រេចលើស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា (ឬពាក្យស្លោក) ដោយ ៣ទម្រង់នោះ បានសម្រេចជាគោលការណ៍ហើយដោយនៅកែសម្រួលតែបន្តិចបន្តួចប៉ុណ្ណោះ នៅក្នុងពាក្យពេចន៍នៃ បាវចនា ខណៈស្លាកសញ្ញា និងនិមិត្តសញ្ញា ត្រូវបានឯកភាពទាំងស្រុង។ នេះបើតាមការបញ្ជាក់ដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC។ «យើងបានទទួលយកនូវការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនាប្រធាន CAMSOC រួចហើយៗយើងបានសម្រចទៅលើយន្តការនៃការប្រកាសជាផ្លូវការ ក្រោយពីសម្រេចចុងក្រោយ ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីឲ្យគណៈកម្មការជំនាញទាំងអស់នៃ CAMSOC នឹងចាប់ផ្តើមដំណើរការនាពេលបន្តបន្ទាប់។»

ចំពោះ ស្លាកសញ្ញា (Logo) ដែលប្រធានបទគួរឲ្យចាប់អារម្មណ៍ជាងគេនោះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក៏បានបង្ហាញពីអត្ថន័យផងដែរ ដែលមានធាតុ ៣សំខាន់ៗចូលគ្នា គឺរូបប្រាសាទអង្គរវត្ត រូបនាគ និងស្លាកសញ្ញាក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។ ឯកឧត្តម បានបរិយាយដូចខាងក្រោមថា៖

«និមិត្តរូបនៃ logo មានធាតុ ៣ជាប់គ្នា ទី១ គឺអង្គរវត្ត ដែលជាតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ជាតំណាងឲ្យជាតិខ្មែរទាំងមូល តំណាងឲ្យអរិយធម៌របស់ខ្មែរ តំណាងឲ្យភាពរុងរឿងនៃកម្ពុជាយើង អ៊ីចឹងនិមិត្តរូបនៃអង្គរវត្ត គឺជានិមិត្តរូបដែរមិនអាចខ្វះបាននៅក្នុង logo។

ទី២ គឺយើងឃើញមានរូបនាគ ពីក្រោមចំនួន៤ ដែលជាតួអង្គនៃនាគនេះហើយ ដែលធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ក្លាយទៅជាព្រះរាជាណាចក្រកសិកម្ម ព្រះរាជាណាចក្រដែលមានទឹកច្រើន ដែលយើងមើលពីលើមកគឺថាទឹកល្ហល្ហាច គឹបានន័យថា Dragon Country បានន័យថាប្រទេសនាគ អ៊ីចឹងនិមិត្តរូបនាគ នេះគឺបង្ហាញពីរឹងមាំ ភាពក្លាហាន ថាមពលនៃប្រទេសជាតិរបស់យើង ក្នុងការកសាងអរិយធម៌អង្គរ ហើយវាបង្ហាញអំពីសាមគ្គីភាពផង យើងឃើញកន្ទុយនាគ វាទៅជានាគព័ន្ធ បាទអ៊ីចឹងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការអន្តរជាតិ សាមគ្គីក្នុងផ្ទៃក្នុងជាតិ អន្តរជាតិ គឺថាមានន័យគ្រប់គ្រាន់នៅក្នុងហ្នឹង ន័យមួយទៀតនាគទាំង ៤ហ្នឹងមានពណ៌ខុសៗគ្នា ហើយពណ៌យើងជ្រើសរើសយកពណ៌ដែលមាននៅក្នុងទង់ជាតិរបស់អាស៊ីអាគ្នេយ៍ របស់ប្រទេសទាំង ១១របស់យើងហ្នឹងមានពណ៌ហ្នឹង។

ទី៣ នៅកណ្ដាលគឺយើងឃើញមានទង់ ឬស្លាកសញ្ញា (logo) របស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែល logo ហ្នឹងហើយជា logo និមិត្តរូបនៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលមិនអាចខ្វះបាននៅក្នុងធាតុ logo របស់ស៊ីហ្គេមទាំងអស់ ជាគោលការណ៍របស់ធម្មនុញ្ញរបស់ស៊ីហ្គេម បានចង្អុលបង្ហាញថាឲ្យ logo ទាំងអស់ត្រូវមាន logo ហ្នឹងដែរ។»

ស្ដាប់ប្រសាសន៍ទាំងស្រុងខាងក្រោម៖

សូមបញ្ជាក់ថា តាមគម្រោងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះគឺគ្រោងនឹងធ្វើនៅចន្លោះថ្ងៃទី០៥ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០៣ ជាមួយនឹងគម្រោងដាក់ប្រភេទកីឡាប្រកួតច្រើនជាង ៣០ប្រភេទកីឡា៕

 

ដកស្រង់ប្រភពដើម៖ Cambodia SEA GAMES 2023

អត្ថបទកែសម្រួល៖ ណារ៉ុង

មតិយោបល់