គ្រូអ៊ីរ៉ង់ បង្ហាញកិច្ចការដ៏លំបាកនៅចំពោះមុខ ដើម្បីឆ្លងផុតវគ្គជម្រុះបាល់ទាត់ពិភពលោក

មាស សុផាណារ៉ុង June 24, 2020


 

អ៊ីរ៉ង់៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ លោក Dragan Skocic មានប្រសាសន៍ថាពួកគេនឹងមានកិច្ចការដ៏លំបាកមួយដើម្បីឈានទៅប្រកួត World Cup ឆ្នាំ២០២២ ប៉ុន្តែអ៊ីរ៉ង់ មានសក្តានុពលក្នុងការធ្វើអោយវាកើតឡើង។

នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់នៅប្រទេសអ៊ីរ៉ង់ គ្រូបង្វឹកជនជាតិក្រូអាតក៏បាននិយាយអំពីរបៀបដែលគាត់ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ផងដែរ។

លោក Skocic បានចូលមកកាន់តំណែងនៅក្រុមជម្រើសជាតិអ៊ីរ៉ង់ កាលពីខែកុម្ភៈ បន្ទាប់ពីលោកចែកផ្លូវជាមួយក្រុមនៅលីគកំពូលអ៊ីរ៉ង់ Sanat Naft ។

លោក Skocic បាននិយាយថា៖ “ខ្ញុំត្រូវបានគេបង្ខំឲ្យលាឈប់ពីការងារក្នុងនាមជាគ្រូបង្វឹកនៅក្លិប Sanat Naft ដោយសារបញ្ហាជំងឺសើស្បែក ហើយមួយថ្ងៃបន្ទាប់ពីខ្ញុំបានលាឈប់ពីតួនាទីរបស់ខ្ញុំក្នុងទីក្រុង Abadan មន្ត្រីសហព័ន្ធបាល់ទាត់អ៊ីរ៉ង់ បានទាក់ទងទមកខ្ញុំហើយបានស្នើឲ្យខ្ញុំដឹកនាំក្រុមជម្រើសជាតិ។”

អ៊ីរ៉ង់ បច្ចុប្បន្នកំពុងឈរនៅលេខ៣ ក្នុងពូល C មាន ៥ពិន្ទុនៅពីក្រោយអ៊ីរ៉ាក់ ហើយត្រូវតែឈ្នះការទាំង ៤ប្រកួតចុងក្រោយរបស់ខ្លួនដើម្បីឈានទៅប្រកួតវគ្គជម្រុះ World Cup ឆ្នាំ ២០២២ វគ្គបន្ទាប់។

“ខ្ញុំដឹងថាការងារនៅខាងមុខយើងនឹងមានការលំបាក ប៉ុន្តែគោលដៅរបស់យើងគឺច្បាស់។ ខ្ញុំប្រាកដថាយើងមានសក្តានុពលក្នុងការកក់កន្លែងនៅព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២។ យើងចង់ធ្វើឲ្យប្រជាជនអ៊ីរ៉ង់សប្បាយចិត្ត។”

លោក Skocic ត្រូវបានគេរិះគន់ជាទូទៅចំពោះការតែងតាំងជាគ្រូបង្វឹកអ៊ីរ៉ង់ ចាប់តាំងពីជនជាតិក្រូអាតបាននិយាយថាគាត់នឹងមិនធ្វើការនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយសារតែបញ្ហាស្បែករបស់លោក។ Skocic បាននិយាយថា៖ “និយាយដោយស្មោះត្រង់ទៅខ្ញុំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាច្រើនដងនៅ Abadan ប៉ុន្តែខ្ញុំពិតជាមានអារម្មណ៍ល្អអំពីទីក្រុងនេះ។”

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) កំពុងធ្វើការពិគ្រោះយោបល់ជាមួយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ដោយបានប្រកាសអំពីកាលបរិច្ឆេទប្រកួត ដោយស្នើឡើងសម្រាប់ការប្រកួតដែលនៅសល់នៃការប្រកួតជុំទី២ ក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 និង AFC Asian Cup China 2023 Asian Qualifiers បន្ទាប់ពីការប្រកួតត្រូវបានពន្យាពេលដោយសារជំងឺឆ្លងកូវីដ-១៩។

ការប្រកួតទី៧ និងទី៨ ពេលនេះត្រូវបានដឹងថាគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៨ និងទី១៣ ខែតុលា ស្របពេលដែលប្រកួតទី៩ និងទី១០ នឹងចាប់ផ្តើមនៅថ្ងៃទី១២ និងបញ្ចប់ពូលទាំងស្រុងនៅថ្ងៃទី១៧ ខែវិច្ឆិកា។

លោក Skocic បាននិយាយទៀតថា៖ “យើងមានពេលដ៏ខ្លីដើម្បីត្រៀមសំរាប់ការប្រកួត។ យើងនឹងកោះហៅកីឡាករដែលត្រៀមខ្លួនបានល្អ ហើយទ្វារបើកចំហសម្រាប់កីឡាករទាំងអស់។ យើងនឹងត្រួតពិនិត្យលីគ ហើយកីឡាករឆ្នើមៗនឹងមានឱកាសត្រូវបានការកោះហៅចូលក្រុមជម្រើសជាតិ។ វាមិនសំខាន់ទេថាតើក្រុមណា ឬលីគណា ដែលកីឡាករកំពុងលេង។”

បញ្ជាក់ថា បើគ្មានអ្វីប្រែប្រួល អ៊ីរ៉ង់ នឹងត្រូវឡើងមកប្រកួតនៅពហុកីឡដ្ឋានជាតិ ជាមួយ កម្ពុជា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ប៉ុន្តែមុនមកដល់រាជធានីភ្នំពេញ ក្រុមនេះក៏ត្រូវប្រកួតជាមួយ ហុងកុង ជាមុនសិននៅថ្ងៃទី០៨ ខែតុលា ហើយ ២ប្រកួតចុងក្រោយធ្វើនៅខែវិច្ឆិកា ដោយត្រូវប៉ះគូប្រជែងធំទាំង ២ក្នុងពូល C នេះ បារ៉ែន ថ្ងៃទី១២ វិច្ឆិកា និងអ៊ីរ៉ាក់ ថ្ងៃទី១៧ ខែដដែល ដើម្បីដណ្ដើមកៅអីឡើងទៅវគ្គជម្រុះជុំទី៣៕

 

ប្រភព៖ tehrantimes

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់