គណៈអចិន្ត្រៃយ៍ CAMSOC រើសបានស្លាកសញ្ញា និមិត្តសញ្ញា ស៊ីហ្គេម២០២៣ ពី ២-៣ជម្រើសដើម្បីឆ្លងការសម្រេចនៅក្នុងកិច្ចប្រជុំធំ

មាស សុផាណារ៉ុង June 23, 2020


 

ភ្នំពេញ៖ កិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC បានសម្រេចលើការជ្រើសរើសស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ឬពាក្យស្លោក ដែលមានពី ២ទៅ៣ទម្រង់ ដើម្បីឆ្លងកិច្ចប្រជុំធំរបស់ CAMSOC ដែលគ្រោងនឹងដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ នាថ្ងៃទី០២ ខែកក្កដា ខាងមុខ។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC លើកឡើងថា កិច្ចប្រជុំជាទៀងទាត់ប្រចាំសប្តាហ៍នេះមានរៀបវារៈចំនួន២សំខាន់ៗ គឺទី១ គឺគណៈអចិន្ត្រៃយ៍សម្រេចបានលើការជ្រើសរើសរបស់ខ្លួនហើយ ដែលយើងយកពី ២ទៅ៣ជម្រើស ដើម្បីឆ្លងការសម្រេចនៅក្នុងកិច្ចប្រជុំធំ របស់ CAMSOC នាពេលខាងមុខឆាប់ៗនេះ ដូចជាស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ឬហៅថាពាក្យស្លោក ដែលទាំង ៣ទម្រង់នេះយើងបានកែសម្រួលជាច្រើនលើកច្រើនសារ ដើម្បីធ្វើឲ្យកាន់តែទាក់ទាញទាំងសោភ័ណ្ឌភាព អត្ថរូប និងអត្ថន័យជាដើម។

ចំពោះរបៀបវារៈទី២ គណៈអចិន្ត្រៃយ៍បានពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពការងារផ្នែកហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ដោយសម្របសម្រួលឲ្យដំណើរការល្អប្រសើរ និងជម្រះបញ្ជីចាស់ ដើម្បីបន្តធ្វើដំណើរតទៅមុខទៀត ប្រកបដោយភាពរលូន។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានអង្គប្រជុំក៏បានលើកឡើងអំពីគណៈកម្មការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ក្នុងការរៀបចំឡើងវិញក្នុងការបញ្ជូនអត្តពលិកកម្ពុជាចេញទៅហ្វឹកហាត់នៅប្រទេសចិន ដែលនេះឯកឧត្តមចាត់ទុកថា ជាការពន្លឿននៃស្ថានភាពវិបត្តិជំងឺកូវីដ-១៩កាន់តែល្អប្រសើរ ដើម្បីពង្រឹងគុណភាព បច្ចេកទេសរបស់អត្តពលិកជម្រើសជាតិកម្ពុជា ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕

 

អត្ថបទ និងរូបភាព៖ Cambodia SEA GAMES 2023

មតិយោបល់