សហព័ន្ធបាល់បោះកម្ពុជា បង្ហាញសមិទ្ធផលនានា និងផែនការឆ្ពោះទៅ ស៊ីហ្គេម ២០២៣

មាស សុផាណារ៉ុង June 17, 2020


 

ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ សហព័ន្ធកីឡាបាល់បោះកម្ពុជា បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៧ ឆ្នាំ២០១៧-២០២០ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៨ ឆ្នាំ២០២០-២០២៣ ចំនួ ១៥រូប ដែលអង្គមហាសន្និបាតបានជ្រើសតាំង នៅពហុកីឡដ្ឋានជាតិ។

គណៈកម្មាធិការប្រតិបត្តិអាណត្តិ ទី៨ ដែលអង្គមហាសន្និបាតបានជ្រើសតាំងមានដូចខាងក្រោម៖

១.ឯកឧត្តម ស៊ាន បូរ៉ាត ជាប្រធានសហព័ន្ធ
២.ឯកឧត្តម អ៊ុក សិទ្ធិជាតិ ជាអនុប្រធានសហព័ន្ធ
៣.ឯកឧត្តម ឈី សម្បិត្ត. ជាអនុប្រធានសហព័ន្ធ
៤.លោក ខេស៊ី បាណេត ជាអនុប្រធានសហព័ន្ធ
៥.លោក សាំ យៀង ជាអនុប្រធានសហព័ន្ធ
៦.លោក ជូ សុខារី ជាអនុប្រធានសហព័ន្ធ
៧.លោក ប៉ុន សុ អគ្គហិរញ្ញឹក
៨.លោក រ៉ាឌី មុំ សមាជិក
៩.លោក គឹម រ័ត្នណារិន សមាជិក
១០.លោក ហ៊ុន សាមុត សមាជិក
១២.លោក ដួង មាសចំរើន សមាជិក
១៣.លោក ផ្លុង លីឌឿន សមាជិក
១៤.លោក អែម ប៊ុន្នី សមាជិក
១៥.លោក អ៊ំុ ចាន់តារា សមាជិក

នៅក្នុងអាណត្តិទី៨ ឆ្នាំ២០២០-២០២៣ នេះ ឯកឧត្តមប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា បានជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរង និងទីប្រឹក្សាសហព័ន្ធកីឡាបាល់បោះកម្ពុជា ចំនួន ៣រូប ដែលមិនមែជាសមាជិកគណៈកម្មាធិកាប្រតិបត្តិទាំង ២រូបរួមមាន៖

១.លោក Austin Koledoye ជាអគ្គលេខាធិការ
២.លោក ដួង ឌីម អគ្គលេខាធិការរង
៣.Mr Gao Feng ទីប្រឹក្សាសហព័ន្ធកីឡាបាល់បោះកម្ពុជា
៤.Mr Kevin Coughlim ទីប្រឹក្សាសហព័ន្ធកីឡាបាល់បោះកម្ពុជា
៥.Mr Ed Scollan ទីប្រឹក្សាសហព័ន្ធកីឡាបាល់បោះកម្ពុជា

ក្នុងឱកាសនោះឯកឧត្តម ស៊ាន បូរ៉ាត បានមានប្រសាសន៍ថា៖ «នាមសហព័ន្ធកីឡាបាល់បោះកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្ដីរីករាយក្រៃលែង ដែលបាន ឯកឧត្តម អស់លោក លោកស្រី ទាំងអស់ផ្តល់ការគាំទ្រ និងទំនុកចិត្តជ្រើសតាំងរូបខ្ញុំបាទជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា ក្នុងអាណត្តិថ្មីឆ្នាំ២០២០-២០២៣។ ខ្ញុំសូមថ្លែងនូវសេចក្តីអរគុណ និងឲ្យតម្លៃខ្ពស់ចំពោះការចំណាយពេលវេលាដ៏មានតម្លៃរបស់ឯកឧត្តម អស់លោក លោកស្រី ចូលរួមនៅក្នុង មហាសន្និបាតសហព័ន្ធកីឡាបាល់បោះ នាថ្ងៃនេះ និងសូមអរគុណដល់គណៈកម្មការរៀបចំអង្គមហាសន្និបាត ដែលបានខិតខំប្រឹងប្រែងរៀបចំប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។»

«ខ្ញុំជឿជាក់ថា ឯកឧត្តម លោក លោកស្រី តំណាងសមាគម ក្លឹប មន្ទីរ រាជាធានី និងក្រសួងនានា បានជ្រាបនូវសមិទ្ធផលនានានៅក្នុងអាណត្តិចាស់ដែលកើតចេញពីការចូលរួម ខិតខំប្រឹងប្រែងទាំងអស់គ្នាចាប់តាំង ពីថ្នាក់ដឹកនាំគណៈកម្មាធិការប្របតិបត្តិ អគ្គលេខាធិការ ក្លឹប សមាគម មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល និងអ្នកពាក់ព័ន្ធទាំងអស់ ធ្វើឱ្យផែនការនិងគោលដៅរបស់សហព័ន្ធសម្រេចបានជោគជ័យតាមការគ្រោងទុក។ នៅក្នុងអាណត្តិថ្មីនេះ ផ្លូវដែលត្រូវបន្តដំណើរទៅមុខដើម្បីអភិវឌ្ឍកីឡាបាល់បោះកម្ពុជាឱ្យមានស្ថេរភាព និងនិរន្តរភាពគ្រប់ផ្នែកទាំងអស់គឺនៅវែងឆ្ងាយណាស់ និងអាចប្រឈមទៅនឹងឧបសគ្គជាច្រើននៅចំពោះមុខដែលទាមទារឲ្យមានការចូលរួមគាំទ្រទាំងស្មារតី និងធនធានគ្រប់ផ្នែកពីអ្នកពាក់ព័ន្ធគិតចាប់ពីសមាជិកគណៈកម្មាធិការ ប្រតិបត្តិរហូតដល់មន្ត្រីបច្ចេកទេស ព្រមទាំងការចូលរួមគាំទ្រពីរាជរដ្ឋាភិបាល វិស័យឯកជន អង្គការជាតិ និងអន្តរជាតិផងដែរ។» ឯកឧត្តម បានបន្ថែម។

ក្នុងអាណត្តិនេះ សហព័ន្ធបានរៀបចំ និងដាក់ចេញនូវយុទ្ធសាស្ត្រ និងកំណត់គោលច្បាស់លាស់ ដើម្បីអភិវឌ្ឍកីឡាបាល់បោះនៅកម្ពុជា ចូលរួមចំណែកកសាងធនធានមនុស្សប្រកបដោយសមត្ថភាព និង ភាពរឹងមាំ។ សហព័ន្ធបានទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការជាមួយសមាគមកីឡាបាល់បោះកម្ពុជាអាមេរិក (UCBA) ក្នុងគោលបំណងពង្រឹង ពង្រីក និងជំរុញការអភិវឌ្ឍកីឡាបាល់បោះឲ្យបានរីកចម្រើន តាមរយៈការផ្លាស់ប្តូរមន្ត្រីជំនាញ គ្រូបង្វឹក កីឡាករ សំដៅពង្រីកការចាប់អារម្មណ៍ ការទទួលស្គាល់ និងកិត្យានុភាពជាតិ ជូនដល់ព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ សហព័ន្ធក៏បានទំនាក់ទំនងរកដៃគូអភិវឌ្ឍពីវិស័យឯកជន ជាអាទិ៍យើងបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនយៀកតាយគ្រុប (YUETAI GROUP) ដើម្បីជំរុញ សកម្មភាពកីឡាបាល់បោះនៅកម្ពុជា តាមរយៈការឧបត្ថម្ភការប្រកួតលីគកីឡាបាល់បោះកម្ពុជា (CBL) ការផ្គត់ផ្គង់ឧបករណ៍ដល់ CBF និងសម្ភារកីឡាដល់កីឡាករក្នុងរយៈពេលសមស្រប និងការគាំទ្រដល់កម្មវិធីអភិវឌ្ឍកីឡាករថ្នាលរបស់សហព័ន្ធកីឡាបាល់បោះកម្ពុជា ព្រមទាំងសកម្មភាពរៀបចំការប្រកួតក្នុងស្រុក ការប្រកួតមិត្តភាពអន្តរជាតិ និងទស្សនៈកិច្ចសិក្សាអំពីការហ្វឹកហាត់។

ឯកឧត្តមបានបន្តសង្ឈឹមយ៉ាងមុតមាំថា សម្រាប់អាណត្តិថ្មីនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិការបស់សហព័ន្ធ នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចូលរួមសកម្មភាពយ៉ាងសកម្ម ស្របតាមផែនការយុទ្ធសាស្រ្ត ដើម្បីទទួល បានជោគជ័យនៅឆ្នាំ២០២៣ ហើយបានដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួនដូចខាងក្រោម៖

១- ពង្រឹងក្លឹបទាំងបរិមាណនិងគុណភាព
២- ពង្រឹងសកម្មភាពលីកឱ្យកាន់តែប្រសើរ និងមានគុណភាព
៣- ពង្រឹងមន្ត្រីជំនាញទាំងបរិមាណនិងគុណភាព៤- ពង្រឹងប្រព័ន្ធការប្រកួត ៥ទល់៥ និង ៣ទល់៣ បុរស នារី
៥- សម្រួចក្រុមជម្រើសជាតិបុរស និងនារី ឱ្យមានគុណភាពខ្ពស់ ដោយសហការជាមួយ UCBA។

ក្នុងនាមសហព័ន្ធកីឡាបាល់បោះកម្ពុជា ឯកឧត្តមបានជឿជាក់ថា សកម្មភាពកីឡាបាល់បោះនឹងមានសកម្មភាពកាន់តែផុលផុសនិងទទួលបានការគាំទ្រពីមហាជន ធ្វើដំណើរឆ្ពោះទៅឆ្នាំ២០២៣ ប្រកបដោយភាពស្វាហាប់និងជឿជាក់៕

 

ប្រភពអត្ថបទ៖ អគ្គនាយកដ្ឋានកីឡា

មតិយោបល់