ពិធីបើក-បិទ ស៊ីហ្គេម ឆ្នាំ២០២៣ នឹងមានអ្នកជំនាញប្រព័ន្ធបច្ចេកទេសសំឡេងពីចិន មកជួយកម្ពុជា

មាស សុផាណារ៉ុង June 10, 2020


 

ភ្នំពេញ៖ ពិធីបើក-បិទ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវទទួលធ្វើជាម្ចាស់ផ្ទះ នឹងមានអ្នកជំនាញប្រព័ន្ធបច្ចេកទេសសំឡេងពីសារណរដ្ឋប្រជាមានិតចិន មកជួយកម្ពុជា។ នេះបើតាមការបញ្ជាក់ដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មការធិការជាតិអូឡាំពិកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

ថ្លែងនៅក្រោយកិច្ចប្រជុំប្រចាំសប្តាហ៍ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលសប្តាហ៍នេះមានការពិភាក្សាលើផែនការពិធីបើក-បិទ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្ដល់ជាលទ្ធផលពិកិច្ចប្រជុំសំខាន់ៗដូចខាងក្រោម៖

«ថ្ងៃនេះគឺផ្ដោតទៅលើការយកចិត្ត ការរៀបចំគ្រោងឆ្អឹង ឬក៏គ្រោងផែនការ ការរៀបចំពិធីបើកបិទ ដែលជាពិធីដ៏មានសារៈសំខាន់ និងជាពិធីបង្ហាញពីសក្ដានុពលជាតិ វប្បធម៌ជាតិ សេដ្ឋកិច្ចជាតិ ទេសចរណ៍ជាដើម នៅក្នុងពិធីបើក-បិទនេះ ហើយជាកំណត់ត្រាប្រវត្តិសាស្ត្រនៃស៊ីហ្គេម កម្ពុជា ផងដែរ អ៊ីចឹងការរៀបចំពិធីបើក-បិទនេះ ត្រូវធ្វើចាប់ផ្ដើមពីឥលូវទៅ ហើយរៀបចំផែនការលម្អិតទៅលើគ្រោងការណ៍មួយៗ ដែលយើងត្រូវរៀបចំអីខ្លះដើម្បីឆ្លងគ្រោងផែនការរបស់យើងនេះ ទៅរាជរដ្ឋាភិបាល មានសម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏ដូចជាឆ្លងទៅតាមសម្តេចពិជ័យសេនា។»

«យើងកំពុងតែរៀបចំនូវផែនការគ្រោងមួយដែលមានដំណើរវិវឌ្ឍន៍ពីនីតិវិធីនៃការងារពីមួយជំហាន ទៅមួយជំហាន ពាក់ព័ន្ធនឹងមុនដំបូងយើងត្រូវរត់ភ្លើងគប់ តើយើងត្រូវធ្វើការទទួលយកភ្លើងគប់ ឬគេហៅថាភ្លើងកីឡាស៊ីហ្គេម​ហ្នឹងរបៀបម៉េច ដំណើរការនៃវិវឌ្ឍន៍របស់វា ហើយនឹងធ្វើការរៀបចំពិធីបើកបិទ មានទស្សនីយភាពធំៗអីខ្លះ ដើម្បីបង្ហាញសក្ដានុពលវប្បធម៌ សេដ្ឋកិច្ច និងសក្ដានុពលជាតិទាំងមូលហ្នឹង ហើយពេលពិធីបើកត្រូវពិធីអ្វីខ្លះដែលលេងត្រូវរៀបចំឲ្យមានទស្សនីយភាពពិសេសៗ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ ហើយពិធីបើកបិទនេះ មិនមែនផ្សព្វផ្សាយតែនៅប្រទេសយើងទេ នៅក្នុងស៊ីហ្គេម គឺថាប្រទេសទាំងអស់នៅលើពិភពលោកនឹងទស្សនាពិធីនេះផ្ទាល់តែម្ដង អ៊ីចឹងការរៀបចំធ្វើនេះគ្រាន់តែលម្អិតពីកម្មវិធី តាំងពីសេណារីយ៉ូរៀបចំ តាំងពីរៀបចំអ្នកហ្វឹកហាត់ ចាប់ពីឆ្នាំក្រោយទៅគឺត្រូវមានអ្នកមានហ្វឹកហាត់រាប់ពាន់នាក់ អុីចឹងយើងត្រូវការកម្លាំងផ្គុំគ្នារវាង ស្ថាប័នពាក់ព័ន្ធដទៃទៀតនៅក្នុងការរៀបចំ។»

«ថ្ងៃនេះយើងបានសម្រេចទៅលើគម្រោងឆ្អឹង នៃផែនការរៀបចំពិធីបើក-បិទហើយ ហើយពិធីបើក-បិទនេះ យើងមិនមែនធ្វើតែយើងទេ ជាពិសេសគឺមានវប្បធម៌ជាស្នូលមួយ ហើយមានគេហៅថាក្រុមជំនាញការមកពីសារណរដ្ឋប្រជាមានិតចិន ដែលត្រុវជួយពីប្រព័ន្ធបច្ចេកទេសសំឡេង និងផ្នែកបច្ចេកវិទ្យា (​IT) អីផ្សេងៗទៀត ហើយអ៊ីចឹងយើងបានទំនាក់ទំនង នឹងធ្វើការជាមួយខាងចិនដែរ គឺយើងធ្វើយ៉ាងណាឲ្យបន្ស៊ីគ្នារវាងបច្ចេកវិទ្យាទំនើប ហើយនឹងបទពិសោធរបស់គេ បូកជាមួយនឹង ​background ឬក៏មូលដ្ឋានសម្ដែងទស្សនីយភាពវប្បធម៌របស់យើង អ៊ីចឹងយើងបន្ស៊ីគ្នាទៅ បានទៅជាពិធីបើក ពិធីបិទ មួយដ៏មានសារៈសំខាន់ និងអស្ចារ្យបំផុត អ៊ីចឹងថ្ងៃនេះយើងបានសម្រេចគ្នាលើទិដ្ឋភាពនេះ។»

ទស្សនាវីដេអូប្រសាសន៍ដើម ឯកឧត្តម វ៉ាត់ ចំរើន៖

 

រូបភាព៖ Cambodia SEA GAMES 2023

កែសម្រួលអត្ថបទ ពីវីដេអូ

មតិយោបល់