វីរកីឡាការិនី កែ ឡេង សម្រេចចិត្តលាឈប់ពីអាជីពជាកីឡាការិនីប៉េតង់

មាស សុផាណារ៉ុង May 29, 2020


 

ភ្នំពេញ៖ ម្ចាស់មេដាយមាសជើងឯកពិភពលោក ៤ជំនាន់ជាប់ៗគ្នា វីរកីឡាការិនី កែ ឡេង បានប្រកាសលាឈប់ពីអាជីពកីឡាប៊ូល និងប៉េតង់កម្ពុជា ហើយ ដោយសារបញ្ហាសុខភាពរបស់លោកស្រីថាមិនអាចទ្រាំទ្រតទៅមុខទៀតបាន។ នេះបើតាមការបញ្ជាក់ដោយគេហទំព័រគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (Cambodia SEA GAMES 2023)។

ថ្លែងប្រាប់ក្រុមការងារព័ត៌មាន CAMSOC, លោកស្រី កែ ឡេង បន្ថែមទៀតថា ការសម្រេចចិត្តលាឈប់ពីវិស័យកីឡាប៉េតង់នេះ គឺអាស្រ័យដោយស្ថានភាពសុខភាពរបស់លោកស្រីផ្ទាល់ចុះខ្សោយមិនអាចបន្តស៊ូទ្រាំនឹងការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតតទៅមុខទៀតបាន។

ស្ថិតនៅក្នុងវ័យ ៥៧ឆ្នាំ លោកស្រី កែ ឡេង បានអះអាងទៀតថា បច្ចុប្បន្នវ័យកាន់តែចាស់ទៅ ហើយពុំអាចបន្តការចូលរួមប្រកួតលើឆាកអន្តរជាតិ ដណ្តើមកិត្យានុភាពជាតិ មេដាយមាស ដូចកាលពីមុនៗទៀតឡើយ ពីព្រោះការត្រៀមចូលរួមប្រកួតម្តងៗ ត្រូវតែមានការ ហ្វឹកហាត់យូរម៉ោង ក្នុង១ថ្ងៃៗ។ ម្យ៉ាងទៀតលោកស្រីក៏ជាប់រវល់ច្រើននៅអង្គភាពរបស់ខ្លួនក្រោមចំណុះក្រសួងការពារជាតិ ក្នុងឋានៈជាមន្ត្រីយោធាផ្កាយពីរ។ ទោះយ៉ាងនេះក្តី ក៏លោកស្រីមិនទាន់បញ្ជាក់ថា ក្រោយពីបញ្ចប់អាជីពកីឡាការិនីប៉េតង់ ដ៏ឆ្នើមបំផុតរបស់កម្ពុជារូបនេះអាចទៅធ្វើជាគ្រូបង្វឹក ឬយ៉ាងណានោះដែរ។ គេហទំព័រដដែលបានបញ្ជាក់។

វីរកីឡាការិនី កែ ឡេង បានឈ្នះមេដាយមាសពីការប្រកួតជើងឯកពិភពលោក ៤ជំនាន់ជាប់ៗគ្នា ពោលគឺចាប់តាំងពីឆ្នាំ២០១៣ មកម្លេះ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងរហូតដល់ឆ្នាំ២០១៩ ដែលភាពល្បីល្បាញនេះបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា លើវិស័យកីឡាប៉េតង់មានភាពលេចធ្លោយ៉ាងខ្លាំង ហើយសហព័ន្ធកីឡាប៉េតង់អន្តរជាតិបានផ្តល់សិទ្ធិឲ្យកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតជើងឯកពិភពលោក នៅក្នុងឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។

នៅក្នុងឋានៈជាម្ចាស់ផ្ទះ ជើងឯកពិភពលោកយុវជន និងស្ត្រី លើកទី១៧ ឆ្នាំ២០១៩ កីឡាការិនីជម្រើសជាតិ កែ ឡេង បានឈ្នះមេដាយមាសលើវិញ្ញាសា វាយយកពិន្ទុ ដែលជាមេដាយមាសពិភពលោកជំនាន់ទី៤ ចុងក្រោយបង្អស់របស់លោកស្រី។ ក្រៅពីការឈ្នះមេដាយមាសជើងឯកពិភពលោក លោកស្រី ក៏ធ្លាប់បានឈ្នះមេដាយស៊ីហ្គេម និងការប្រកួតអន្តរជាតិមួយចំនួនទៀតដែរ៕

 

ប្រភពព័ត៌មាន៖ Cambodia SEA GAMES 2023

មតិយោបល់