អាជ្ញាធរកីឡាថៃ បញ្ជាក់ថាប្រភេទកីឡាដែលមានទំនាក់ទំនងគ្នា អាចនឹងត្រលប់មកវិញលឿនជាងការរំពឹងទុក

មាស សុផាណារ៉ុង May 22, 2020


 

ថៃ៖ អាជ្ញាធរកីឡាថៃ (SAT) បានផ្តល់ព័ត៌មានជំនួយដ៏ធំបំផុតថាបាល់ទាត់ រួមជាមួយកីឡាដែលមានទំនាក់ទំនងគ្នា (ផលនៃការប៉ះទង្គិចទៅវិញទៅមក) ផ្សេងទៀត អាចនឹងត្រលប់មកវិញលឿនជាងការរំពឹងទុក។

SAT គឺស្ថិតនៅក្រោមការគ្រប់គ្រងដោយ ក្រសួងទេសចរណ៍ និងកីឡា នៃប្រទេសថៃ ដែលមុខងារសំខាន់របស់ខ្លួន គឺដើម្បីសម្របសម្រួលដំណើរការរបស់សហព័ន្ធកីឡាជាតិ។

ទាក់ទងនឹងបញ្ហានេះលោកបណ្ឌិត Kongsak Yodmanee អភិបាលនៃអាជ្ញាធរកីឡាថៃ បាននិយាយនៅសប្តាហ៍នេះថា លោកមានអារម្មណ៍ជឿជាក់ថាកីឡាជាក្រុម រួមទាំងបាល់ទាត់ នឹងត្រូវបានផ្តល់ភ្លើងខៀវសម្រាប់ការត្រឡប់មកវិញនៅខែសីហា។ «បាល់ទាត់ និងប្រដាល់ ទាំង ២នេះគឺជាកីឡាដែលមានទំនាក់ទំនងគ្នា ខណៈបាល់ទះ លេងក្នុងសាល។ យើងមានផែនការរបស់យើងសម្រាប់ព្រឹត្តិការណ៍ទាំងនេះ ហើយខ្ញុំរំពឹងថាពួកគេនឹងវិលត្រឡប់មកវិញនៅខែសីហាខាងមុខនេះ។»

SAT មិនទាន់ដាក់បញ្ចូលព្រឹត្តិការណ៍មួយចំនួនដូចជាបាល់ទាត់ បាល់ទះ និងប្រដាល់ ក្នុងផែនការរបស់ពួកគេដែលត្រូវបានបញ្ជូនទៅ CCSA (មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពនៃជំងឺកូវី១៩) ពីព្រោះទាំងនេះមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃវីរុសនេះ។

ការហាមប្រាមអ្នកទស្សនានៅក្នុងព្រឹត្តិការណ៍ទាំងអស់នេះ នឹងនៅតែមានរហូតដល់ទទួលបានការយល់ព្រមពីរដ្ឋាភិបាលដើម្បីអនុញ្ញាតឲ្យអ្នកគាំទ្រនៅកន្លែងបែបនេះ។

កាលពីសប្តាហ៍មុន ប្រទេសថៃបន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀតដើម្បីអនុញ្ញាតឲ្យកីឡាលេងនៅខាងក្រៅ និងបែបឯកត្តជន ដូចជាកីឡាវាយកូនហ្គោល បាញ់ធ្នូ បាញ់កាំភ្លើង និងហែលទឹក ដើម្បីរៀបចំសកម្មភាពហ្វឹកហាត់ និងប្រកួត។

លោក Kongsak បន្ថែមថា SAT នឹងបន្តឃ្លាំមើលស្ថានភាពមេរោគឆ្លងថ្មីនៅក្នុងប្រទេស ហើយនឹងស្វែងរកការយល់ព្រមពីរដ្ឋាភិបាល ដើម្បីមានគោលការណ៍សម្រាប់កីឡាដូចជាបាល់ទាត់ បាល់ទះ និងប្រដាល់ នៅខែក្រោយ៕

 

ប្រភព៖ aseanfootball

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់