ព្រឹត្តិការណ៍ប្រកួតកីឡាជនពិការ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ សម្រេចលុបចោលជាផ្លូវការ

មាស សុផាណារ៉ុង May 13, 2020


 

ហ្វីលីពីន៖ ព្រឹត្តិការណ៍ប្រកួតកីឡាជនពិការ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលគេហៅថាអាស៊ានប៉ារ៉ាហ្គេម (ASEAN Paragames) លើកទី១០ នៅប្រទេសហ្វីលីពីន នោះត្រូវបានលុបចោលជាផ្លូវការហើយ ក្រោយការរីករាលដាលកូវីដ-១៩ នៅតែបន្តកើតមានជារៀងរាល់ថ្ងៃនៅជុំវិញពិភពលោក។

ព្រឹត្តិការណ៍នេះបានលើកពេល ២ដង រួចមកហើយ ដោយដំបូងឡើយព្រឹត្តិការណ៍គឺគ្រោងធ្វើនៅ ១ខែក្រោយ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games 2019) ប៉ុន្តែដោយសារបញ្ហាបច្ចេកទេស ក៏បានលើកទៅខែមីនា និងលើកសារជាថ្មីដោយសារ កូវីដ-១៩ រហូតដល់ខែតុលា រួចឈានទៅដល់លុបចោលនៅពេលនេះផ្ទាល់តែម្ដង។

គណៈកម្មាធិការរៀបចំការប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍ នៃប្រទេសហ្វីលីពីន បានត្រៀមដាក់កីឡាចំនួន ២០ប្រភេទសម្រាប់ការប្រកួតលើកទី១០ នេះដោយឡែកកម្ពុជា បានប្រកាសដាក់កីឡាចំនួន ៩ប្រភេទសម្រាប់ការចូលរួមប្រកួតនេះដែរ។

នេះជាលើកទី២ ហើយដែលប្រទេសហ្វីលីពីន ទទួលរៀបចំធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម ដែលលើកដំបូងគឺឆ្នាំ២០០៥ ដែលកាលនោះប្រទេសនេះក៏ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ដូចគ្នា។ បាវចនាសម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១០ នេះដូចគ្នាទៅនឹងបាវចនារបស់ស៊ីហ្គេម លើកទី៣០ គឺយើងឈ្នះតែមួយ (WE WIN AS ONE)៕

 

ប្រភព៖ sports.mb.com

ប្រែសម្រួល៖​ ណារ៉ុង

មតិយោបល់