សហព័ន្ធខ្មែរកីឡាហែលទឹក ត្រៀមប្រមូលអត្តពលិកឡើងវិញជាមួយការប្រុងប្រយ័ត្នខ្ពស់បំផុត

មាស សុផាណារ៉ុង May 11, 2020


 

ភ្នំពេញ៖ លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា សហព័ន្ធកំពុងត្រៀមក្នុងការចាប់ផ្តើមប្រមូលកីឡាករ-កីឡាការិនីហែលទឹកក្រុមជម្រើសជាតិ ឈុតធំ និងក្រុមជម្រើសជាតិថ្នាលឈុតតូច (ត្រៀម SEA Games 2023) ចូលរួមហ្វឹកហាត់ឡើងវិញនាពេលឆាប់ៗនេះ។

លោកបានលើកឡើងថា៖ «ការចូលរួមហ្វឹកហាត់ឡើងវិញនេះយើងបានរៀបចំផែនការមួយចំនួនដោយមានការស្នើសុំគោលការណ៍ពីប្រធានសហព័ន្ធ និងក្រសួងអប់រំ យុវជន និងកីឡា តាមរយៈពេលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា យើងធ្វើការហ្វឹកហាត់ចាប់ពីក្រុមធំរហូតដល់ក្រុមតូច ប៉ុន្តែការហាត់ជាក្រុមតូចនេះ យើងមានគ្រូបង្វឹកបង្ហាត់ផ្ទាល់ដោយធ្វើការបំបែកកីឡាករ កីឡាការិនី ក្រោម ១០នាក់ចុះអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់មេរោគកូរ៉ូណា។»

លោកអគ្គលេខាបានអះអាងថា៖ «ការហ្វឹកហាត់នេះយើងមិនមកហាត់ទាំងអស់ទេយើងចែកចេញជាក្រុមតាមតារាងដោយមួយក្រុមមានសមាជិកក្រោម ១០នាក់ ហើយមុនធ្វើការហ្វឹកហាត់ត្រូវពិនិត្យសុខភាពដើម្បីការពារមេរោគកូរ៉ូណា ព្រមទាំងតាមដានបញ្ហាសុខភាពគ្រប់ពេលវេលា ប្រសិនបើមានបញ្ហាមិនប្រក្រតី យើងនឹងទុកដាច់ដោយឡែកពីគេ។ ដូចនៅថ្ងៃនេះក្រុម “ខ” មកហ្វឹកហាត់ជាមួយគ្រូបង្វឹកផ្ទាល់ ក្រុមមួយទៀតត្រូវធ្វើការហ្វឹកហាត់នៅផ្ទះធម្មតា។»

លោក ហែម គិរី បានបន្ថែមទៀតថាការសម្រេចចិត្តឲ្យកីឡាករ-កីឡាការិនី ហ្វឹកហាត់ដូច្នេះដោយសារតែមើលឃើញមេរោគកូរ៉ូណាមានសភាពធូរស្រាលខ្លះ ចំពោះហ្វឹកហាត់នេះចាំបាច់ដើម្បីត្រៀមខ្លួនហើយធ្វើបែបនេះគឺធ្វើដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុត នឹងធ្វើការហ្វឹកហាត់នៅក្នុងអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិកបណ្ដោះអាសន្នសម្រាប់ក្រុមជម្រើសជាតិឈុតធំ និងក្រុមជម្រើសជាតិថ្នាលឈុតតូច ចំណែកការបណ្តុះបណ្តាលផ្សេងៗទៀតមិនអនុញ្ញាតឡើយ។

សូមបញ្ជាក់ថាការហ្វឹកហាត់ធ្វើសម្រាប់តែក្រុមជម្រើសជាតិ ឈុតធំ និងក្រុមជម្រើសជាតិថ្នាលឈុតតូចនៅទីក្រុងភ្នំពេញប៉ុណ្ណោះ ប៉ុន្តែបើក្រុមជម្រើសជាតិកីឡាករ-កីឡាការិនី នៅខេត្តចង់មកហាត់នៅភ្នំពេញ យើងត្រូវដាក់គាត់ឲ្យដាច់ដោយឡែករយៈពេល ១៤ថ្ងៃ៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់