ឯកឧត្តម ប៉ាន សូរស័ក្តិ ឧបត្តម្ភថវិកាលើកទឹកចិត្តដល់អត្តលិកកង់ ម្នាក់៤០ម៉ឺនរៀល

មាស សុផាណារ៉ុង May 9, 2020


 

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៨ ខែឧសភា ម្សិលមិញនេះ ប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្ដិ បានឧបត្តម្ភថវិការផ្ទាល់ខ្លួន តាមរយៈលោក នូរ ចំរើន អគ្គលេខាធិការសហព័ន្ធ ជូនដល់ អត្តពលិក គ្រូបង្វឹក និងគណៈកម្មការ សរុប ២៤នាក់ ក្នុងមា្នក់ ៤០ម៉ឺនរៀល បន្ទាប់ពីខកខានជួបជុំគ្នាអស់មួយរយៈធំ ដោយសារបញ្ហាជំងឺឆ្លង Covid-19។

អគ្គលេខាធិការនៃសហព័ន្ធកីឡាទោចក្រយាន លោក នូ ចំរើន បានមានប្រសាសន៍ថា៖ «នេះមិនមែនជាលើកទី១ទេ ដែលឯកឧត្តមប្រធានបាន យកចិត្តទុកដាក់ដល់ ក្រុមកីឡាករកីឡាការិនី គ្រូបង្វឹក និង គណៈកម្មការនោះ គឺឯកឧត្តមតែងតែសួរនាំពីបញ្ហាសុខភាពរបស់ពួកគេជានិច្ច ជាពិសេសគឺអំឡុងពេលមានជំងឺ Covid-19 នេះតែម្ដង មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមប្រធានក៏បានចំណាយថវិកាផ្ទាល់ខ្លួនរបស់លោកចំនួន ៩លាន៦សែនរៀល ដោយក្នុងម្នាក់ទទួលបាន៤០ម៉ឺនរៀល។ ថវិកាដែលលោកបានផ្ដល់អោយនេះ គឺដើម្បីលើកទឹកចិត្តអោយកីឡាករកីឡាការិនីបន្តប្រឹងប្រែងធ្វើការហ្វឹកហាត់ថែមទៀត និងក៏ជាការអរគុណដែលកីឡាករការិនី រួមទាំងគ្រូបង្វឹក និងគណៈកម្មការ ដែលបានប្រឹងប្រែងប្រកួតនាពេលកន្លងមកនៅក្នុងឆ្នាំថ្មី ២០២០នេះ។»

នៅក្នុងពិធីសំណេះសំណាលនោះក៏មានការលើកឡើងពីផលវិបាកខ្លះៗដែលរបស់គណៈកម្មការបច្ចេកទេស ដោយក្នុងនោះ ត្រូវការឧបករណ៍បច្ចេកទេសម្រាប់ប្រើប្រាស់នៅការប្រកួត និងត្រៀមសម្រាប់ការប្រកួតនា ឆ្នាំ២០២៣ ផងដែរ។ ហើយនៅក្នុងនឹងសហព័ន្ធក៏បានសហការជាមួយនឹងក្លិបកង់ហោះ រៀបចំការប្រកួតជិះកង់ភ្នំ ឆ្លងឧបសគ្គ Cambodia MTB Series ឆ្នាំ២០២០ ចំនួន ៣ដំណាក់កាល ដែលដំណាក់កាលទី១ គ្រោងធ្វើនៅក្នុងខែ៧ ទៅខែ៨ នៅខេត្តកំពង់ស្ពឺ ដំណាក់កាលទី២ ធ្វើនៅខេត្តកែប នៅប្រហែលខែ១១ និង ដំណាក់កាលទី៣ ធ្វើនៅគិរីរម្យ នៅខែ១២។ ដោយទាំង ៣ដំណាក់កាលនេះ គឺគ្រោងចាប់ផ្ដើមក្រោយជំងឺ Covid-19 បាត់ទៅ បើសិនជានៅសហព័ន្ធអាចលើកពេលទៅបន្តទៀត ទៅតាមស្ថានភាពជាក់ស្ដែង។

ពាក់ព័ន្ធជាមួយនឹងការប្រកួតនេះដែរ កន្លងមកសហព័ន្ធតែរៀបចំព្រឹត្តិការណ៍នេះ ចំនួន៥ ដំណាក់កាល តែឆ្នាំនេះសហព័ន្ធបានកាត់ ២ដំណាក់កាលចោល ដោយសារទី១ រឿងជំងឺឆ្លង Covid-19 កំពុងរីករាលដាលខ្លាំង ឯទី២ បើសិនជា ជំងឺនេះធូស្រាលច្រើន កីឡាករការិនី ក៏មិនប្រាកដថានឹងចូលរួមបានច្រើនដែរ ដូច្នេះហើយទើបសហព័ន្ធសម្រេចចិត្ត ដក ២ដំណាក់កាលចោលតែម្ដង។ នេះបើតាមសម្ដីរបស់ លោក នូ ចំរើន។

លោក នូ ចំរើន បានបញ្ជាក់ថា៖ «ការប្រកួតនេះ វាអាចជា ពេលវេលាមួយដ៍ខ្លី ដែលកីឡាកររបស់យើង បានវាស់ស្ទង់នូវកម្រិតបច្ចេកទេស ចំពោះការខិតខំហ្វឹកហាត់របស់ពួកគេ អ៊ីចឹងយើងនឹងអាចដឹងតាមរយៈការប្រកួតនេះ ថាតើពួកគាត់ នៅខ្វះខាតកន្លែងណាទៀត ដែលយើងត្រូវបំពេញបន្ថែម មុននឹងពួកគាត់ទៅចូលរួមការប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម នាឆ្នាំ២០២១ ខាងមុខនេះ»៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់