កម្ពុជា ត្រៀមបញ្ជូនអត្តពលិក ១៥ប្រភេទកីឡាហ្វឹកហាត់នៅប្រទេសចិន រយៈពេលយូរ

មាស សុផាណារ៉ុង May 8, 2020


 

ភ្នំពេញ៖ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ បើកកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិចំនួន១២ ដើម្បីបញ្ជូនកីឡាករ-កីឡាការិនី ទៅហ្វឹកហាត់នៅប្រទេសចិន រយៈពេលយូរ។

រូបតំណាង

ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា កម្ពុជានឹងបញ្ជូនកីឡាករ-កីឡាការិនី ទៅហ្វឹកហាត់នៅប្រទេសចិន ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែប្រសិនបើបញ្ហាមេរោគកូរ៉ូណានៅតែមិនធូរស្រាលអាចលើកទៅខែមីនា ឆ្នាំ២០២១ វិញ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមបានបន្តថា សហព័ន្ធកីឡាជាតិត្រូវពិចារណាក្នុងការជ្រើសរើសកីឡាករ-កីឡាការិនី សម្រាប់បញ្ជូនទៅហ្វឹកហាត់រយៈពេលយូរនេះ និងអត្តពលិកមានសក្តានុពល គឺមានឆន្ទៈក្នុងការហ្វឹកហាត់ក្រៅប្រទេសឲ្យបានច្បាស់លាស់។ ដោយមានកីឡាករ-កីឡាការិនី មួយចំនួនធ្លាប់ធ្វើការហ្វឹកហាត់បានត្រឹមពី ៣ទៅ៤ខែ បែរជាសុំឈប់ហ្វឹកហាត់សកម្មភាពបែបនេះនឹងធ្វើឲ្យបាត់បង់ពេលវេលាដ៏មានតម្លៃ។

រូបតំណាង

អគ្គលេខាធិការបានបន្ថែមទៀតថា សម្រាប់ការធ្វើដំណើរទៅហ្វឹកហាត់នៅប្រទេសចិន គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ នឹងចេញថ្លៃសំបុត្រយន្តហោះ ចំណែកប្រាក់ហោប៉ៅ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នឹងធ្វើការពិភាក្សាជាមួយក្រសួងអប់រំ យុវជន និងកីឡា៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់