ក្រសួងអប់រំ យុវជន និងកីឡា បើកកិច្ចប្រជុំពិនិត្យការអនុវត្តថវិកាគាំទ្រ ជាមួយសហព័ន្ធកីឡាជាតិទាំង១៥

មាស សុផាណារ៉ុង May 8, 2020


 

ភ្នំពេញ៖ ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) នៅនាយកដ្ឋានអប់រំកាយ និងកីឡា។

កិច្ចប្រជុំការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ ឯកឧត្តម សុខ សប្បាយណា នឹងជួបសហព័ន្ធកីឡាជាតិចំនួន១៥ ប៉ុន្តែក្នុងនោះលោកបានជួបតែ ១២សហព័ន្ធប៉ុណ្ណោះ ដោយសហព័ន្ធកីឡាជាតិ ២ផ្សេងទៀត ១ ផុតអាណត្តិឆ្នាំចាស់ និងសហព័ន្ធកីឡាជាតិ ១ទៀតអវត្តមាន។

សូមបញ្ជាក់ថាក្រសួងអប់រំ យុវជន និងកីឡា បានទម្លាក់ថវិកាដល់សហព័ន្ធជាតិទាំង១៥ ដើម្បីធ្វើសកម្មលើការប្រកួតការកសាងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ។ រាល់ការធ្វើសកម្មភាព សហព័ន្ធត្រូវតែធ្វើរបាយការណ៍មកក្រសួងអប់រំ យុវជន និងកីឡា។ ប្រសិនបើសហព័ន្ធជាតិណាចាយវាយថវិកាខុសគោលការណ៍ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យមើលថាតើគួរបន្ត ឬមិនគួរបន្ត។

ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ជម្រាប់ជូនសហព័ន្ធកីឡាជាតិស្តី ពីគោលការណ៍ហិរញ្ញវត្ថុ ក្នុងការអនុវត្តថវិកាដែលក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ជូនទៅសហព័ន្ធនីមួយៗ និងស្តាប់នូវបញ្ហាប្រឈម ក៏ដូចជាសំណូមពររបស់សហព័ន្ធក្នុងការអនុវត្តថវិកា៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់