ឆ្នាំនេះ អត្តពលិកកម្ពុជាខកខានទៅហ្វឹកហាត់នៅក្រៅប្រទេសជាង ១០០នាក់ ដោយសារបញ្ហាកូវីដ-១៩

មាស សុផាណារ៉ុង May 7, 2020


 

ភ្នំពេញ៖ ជាង៣ខែមកហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសរំសាយការប្រមូលផ្ដុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ដើម្បីបញ្ជៀសការរីករាលដាលនៃជំងឺឆ្លងកូរូណា ឬកូវីដ-១៩ Covid-19 ដែលមានដើមកំណើតពីប្រទេសចិន។ ខណៈដែលបច្ចុប្បន្ននេះនៅប្រទេសកម្ពុជា បានធូរស្រាលហើយក៏ដោយ តែថ្នាក់ដឹកនាំកីឡាធំៗ មិនទាន់សម្រាចចិត្តអោយអត្តពលិករបស់ខ្លួនមកប្រមូលផ្ដុំគ្នាហ្វឹកហាត់វិញនៅឡើយទេ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា៖ «ការប្រមូលផ្តុំក្រុមជម្រើសជាតិត្រូវបានពន្យាពេល និងព្រឹត្តិការណ៍កីឡាធំៗមួយចំនួន ត្រូវបានផ្អាកដំណើរការដោយការរីករាលដាលនៃជំងឺកូវីដ-១៩ ចឹងបញ្ហានេះ អាចធ្វើឲ្យប៉ះពាល់ដល់គម្រោងចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ របស់កម្ពុជា។ បើតាមគម្រោង កម្ពុជាគ្រោងបញ្ជូនអត្តពលិកជាង ១០០នាក់ទៅហ្វឹកហាត់នៅក្រៅប្រទេស តែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។ ប៉ុន្តែគម្រោងហ្វឹកហាត់នៅក្រៅប្រទេសមិនទាន់បានលុបចោលទាំងស្រុងនោះទេ។»

អគ្គលេខាធិការរូបនេះបន្តថា៖ «យើងបានបាត់បង់ពេលវេលាក្នុងការធ្វើផែនការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី ដើម្បីសម្រួចទៅឆ្នាំ២០២៣ គឺយើងបានបាត់ពេលវេលា។ កាលៈទេសៈនេះ វាប៉ះពាល់ ព្រោះគុណផលកីឡាអាចរីកចម្រើនបានដោយសារការហ្វឹកហាត់ និងការប្រកួត។ ប៉ុន្តែបច្ចុប្បន្នអត់មានការប្រកួតទេ ដូច្នេះយើងត្រូវបង្កើនការហ្វឹកហាត់ឲ្យកាន់តែខ្លាំង ដើម្បីរក្សាតុល្យភាពកម្លាំង។»

ជាមួយគ្នាននេះផងដែរ ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានជំរុញកីឡាករជម្រើសជាតិ និងថ្នាលកុំឲ្យផ្តេកផ្តួលតាមស្ថានការណ៍ និងឈប់សម្រាកដោយមិនធ្វើចលនា។ ព្រោះការឈប់សម្រាករបស់ពួកគេ អាចនាំឲ្យមានការប៉ះពាល់ច្រើន ដូចជាឡើងទម្ងន់ មានជំងឺដោយសារធ្លាប់ធ្វើការហ្វឹកហាត់ខ្លាំង និងពិបាកក្នុងការរក្សាតុល្យភាពរាងកាយដោយសារការហូបច្រើន ជាដើម៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់