អគ្គនាយកកីឡា៖ ការប្រកួតកីឡាជាតិ មិនអាចនិយាយទុកមុនថាលើកពេល ឬលុបចោលនោះទេ

មាស សុផាណារ៉ុង May 7, 2020


 

ភ្នំពេញ៖ ប្រមុខអាជ្ញាធរកីឡា ឯកឧត្តម អ៊ុក សិទ្ធិជាតិ ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានបញ្ជាក់ថាមកទល់ពេលនេះ លោកនៅមិនទាន់ហ៊ានកំណត់ថា តើការប្រកួតកីឡាជាតិ លើកទី៣ ដែលគ្រោងធ្វើនៅឆ្នាំនេះនឹងត្រូវបន្តលើកពេល ឬក៏ត្រូវលុបចោលនោះទេ។

ឯកឧត្តមបញ្ជាក់ថា កូវីដ-១៩ វាមិនមែនជារឿងរបស់កម្ពុជាតែម្នាក់ឯងនោះទេ ប៉ុន្តែវាជាបញ្ហាជាកង្វល់របស់ពិភពលោកទាំងមូល។ ការប្រកួតបាល់ទាត់ជម្រុះបាល់ទាត់ពិភពលោក ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ នេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក៏ត្រូវលើកពេលប្រកួតដែរ។ ពេលនេះអ្វីៗដែលពីភពលោកកំពុងតែគិតនោះគឺកូវីដ-១៩ នេះតែម្ដង។ នេះនៅមិនទាន់និយាយពីការប្រកួតជើងឯកនានាដែលសហព័ន្ធតំបន់ ទ្វីប ឬពិភពលោក ក៏ត្រូវលើកពេល ឬលុបចោលនោះឡើយ។

ការប្រកួតកីឡាជាតិ គឺជាយុទ្ធសាស្រ្តរបស់កម្ពុជា សម្រាប់ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កម្ពុជាត្រូវការនូវការប្រកួតដែលមានទម្រង់ជាហ្គេមនេះ ព្រោះវាជួយបង្រៀនដល់មន្ត្រីសហព័ន្ធជាតិ ឲ្យចេះធ្វើការជាក្រុម ឲ្យចេះរៀបចំការប្រកួត ឲ្យមានគំនិតបណ្ដុះបណ្ដាលនូវមន្ត្រីនានាដែលពាក់ព័ន្ធជាមួយការប្រកួត។

គួររំឭកថា តាមការគ្រោងទុក ការប្រកួតកីឡាជាតិលើកទី៣ មានជាង ៣០ប្រភេទកីឡាដែលនឹងត្រូវដាក់ឲ្យប្រកួត ដោយកញ្ចប់ថវិកានូវរក្សាទុកដដែលនោះក្រសួងអប់រំ យុវជន និងកីឡា មានគម្រោងបន្ថែមនូវប្រភេទកីឡាតែសុំឲ្យសហព័ន្ធនានាបន្ថយនូវចំនួនវិញ្ញាសា។

ទោះបីអ្វីៗស្ថិតនៅក្នុងការគិតទុកក៏ដោយ ប៉ុន្តែទាល់តែបញ្ហា កូវីដ-១៩ នៅលើពិភពលោកនេះលែងជាកង្វល់សម្រាប់មនុស្សជាតិ ទើបការនិយាយពីការប្រកួតកីឡាជាតិ នឹងច្បាស់លាស់ឡើងវិញ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់