កីឡាតេក្វាន់ដូ WT ប្រកួតមេគុន តាមអនឡាញលើកទី១ នៅកម្ពុជា

មាស សុផាណារ៉ុង May 6, 2020


 

ភ្នំពេញ៖ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT (World Taekwondo) បានសហការជាមួយ សាលបណ្ឌិតសភាតេក្វាន់ដូកម្ពុជា នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ រៀបចំការប្រកួតមេគុនតាមអនឡាញ លើកទី១ នៅសាលបណ្ឌិតសភាតេក្វាន់ដូកម្ពុជា ដើម្បីពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ហ្វឹកហាត់តាមផ្ទះ។

លោក គង់ សក្ខិដា អគ្គលេខាធិការនៃខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT បានប្រាប់ឲ្យដឹងថាការប្រកួតមេគុនតាមអនឡាញ លើកទី១ ដោយមានពីក្លិបចំនួន៦ ដែលមានកីឡាករ កីឡាការិនី មកពីខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។

លោកថា៖ «ដំបូងយើងតម្រូវឲ្យក្លិបកីឡាតេក្វាន់ដូ WT ជាសមាជិកខេមរសហព័ន្ធត្រូវថតវីដេអូកីឡាករ-កីឡាការិនីប្រឡងផ្ញើមកខេមរសហព័ន្ធ រួមមានឈ្មោះក្លិប ឈ្មោះកីឡាករ-កីឡាការិនី និងប្រភេទខ្សែក្រវាត់។»

«យើងទុកឲ្យឱកាសរយៈពេល១០ថ្ងៃ គឺចាប់ផ្តើមថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ហើយគណៈកម្មាធិការសម្រេចជ្រើសរើសប្រកួតប្រឡងតាមអនឡាញ ដោយមានអាជ្ញាកណ្តាល និងចៅក្រមចំនួន ៣រូប។ យើងមានការពិបាកខ្លះដោយសារឪពុកម្តាយកីឡាករ-កីឡាការិនី ដែលមានខ្សែក្រវាត់ក្រោមពណ៌ក្រហមមិនអនុញ្ញាតឲ្យកូនចូលរួមប្រកួតដោយសារខ្លាចមេរោគ
កូរ៉ូណា» លោកអគ្គលេខាធិការបានសង្គត់ធ្ងន់៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់