ទ្រីយ៉ាត្លុង លុបចោលកម្មវិធីប្រកួតធំៗ៣ នៅក្រៅប្រទេស សម្រួចផែនការថ្មីទៅស៊ីហ្គេម

មាស សុផាណារ៉ុង April 30, 2020


 

ភ្នំពេញ៖ ខណៈពេលដែលជំងឺដ៏កាចសាហាវ វីរុសកូរូណា ឬ Covid-19 កំពុងរាលដាលខ្លាំងនោះ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបង្ខំចិត្តសម្រេចលុបចោលការប្រកួតធំៗរបស់ខ្លួនចំនួន៣ នៅក្រៅប្រទេស ដើម្បីការពារអាយុជីវិតអត្តពលិករបស់ខ្លួន។

លោក ងិន សុខបញ្ញា អគ្គលេខាធិការនៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានមានប្រសាសន៍ថា៖ «សម្រាប់រដូវកាល Covid-19 នេះ សហព័ន្ធមានការខាតបង់ខ្លាំង ដោយទី១ ខាតការហ្វឹហាត់ប្រមូលផ្ដុំ ខាតបច្ចេកទេស ខាតគ្រប់បែបយ៉ាង ទី២ គឺការលុបចោលកម្មវិធីប្រកួតនៅក្រៅប្រទេស ព្រោះវាមានសារៈសំខាន់ណាស់សម្រាប់កីឡាករ ដោយវាជួយលើកទឹកចិត្តកីឡាករក្នុងការហ្វឹកហាត់ដណ្ដើមយកមេដាយ ហើយក៏ជាការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ ផងដែរ។ ប៉ុន្តែការខាតនេះ យើងត្រូវគិតថា វាមិនធំអីជាងសុវត្ថភាពរបស់យើងទេ ព្រោះយើងត្រូវទប់ស្កាត់វិបិត្តកូរូណានេះទាំងអស់គ្នា ព្រោះថាការប្រកួតយើងអាចអត់ប្រកួតបានលើកនេះ តែលើកក្រោយយើងអាចចូលរួមប្រកួតបានម្ដងទៀត។»

លោកបន្តថា៖ «ក្នុងឆ្នាំ២០២០នេះ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានលុបចោលប្រកួត៣កម្មវិធី ដោយកម្មវិធីទី១ Duathlon asian championship នៅប្រទេសម៉ាឡេស៊ី ដែលគ្រោងធ្វើនៅក្នុងខែមីនា កន្លងទៅនេះ។ ទី២ Aquathlon asian championship នៅហុងកុង ទី៣ triathlon Asian Beach Games 2020ប្រទេសចិន ។ ហើយអ្វីដែលសំខាន់មួយទៀតនៅក្រៅ្រប្រទេសនោះ គឺការខកការចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ី នៅប្រទេសជប៉ុន។»

លោកបន្ថែមថាៈ «ផែនការចូលរួមការប្រកួតនៅក្រៅប្រទេសនោះ យើងបានលុបចោលអស់ហើយ ចឹងយើងបានសម្រេចរៀបចំផែនការថ្មី គឺសម្រួចអោយខ្លាំងសម្រាប់ត្រៀម ស៊ីហ្គេមឆ្នាំ២០២១ នៅប្រទេសវៀតណាម បំផុត វាជាការប្រកួតស៊ីហ្គេមចុងក្រោយ មុនកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ហើយបើតាមផែនការសហព័ន្ធ មុនស៊ីហ្គេមនៅវៀតណាមឆ្នាំក្រោយ សហព័ន្ធនឹងធ្វើការបញ្ចូលអត្តពលិកចេញទៅហ្វឹកហាត់នៅប្រទេសប្រទេសវៀតណាមរយៈពេល៣ខែ ដើម្បីត្រៀមយុទ្ធសាស្ត្រអោយបានគ្រប់គ្រាន់មុនប្រជែងជាមួយម្ចាស់ផ្ទះ។»

ជាមួយគ្នានេះដែរលោកបានរៀបរាបពីការហ្វឹកហាត់នៅផ្ទះរបស់អត្តពលិក បន្ទាប់ពីក្រសួងអប់រំ ធ្វើការរំសាយ ការប្រមូលផ្ដុំថា កីឡាទ្រីយ៉ាត្លុងមាន៣វិញ្ញាសារគឺ ហែលទឹក ជិះកង់ និង រត់ ដោយឡែកក្នុងការហាត់នៅផ្ទះនេះ មានការបែងចែកជា ២កម្មវិធី ទី១ហាត់សាច់ដុំ គឺហាត់ដើម្បីសាច់ដុំវានៅថេមិនអោយស្រុតចុះ ទី២ ការហាត់កម្លាំង គឺបានន័យថា ហាត់រត់ ហាត់ជិះកង់លើ roller bike។

ការហ្វឹកហាត់នេះមិនបានលក្ខណៈពេញលេញដូចការប្រមូលផ្ដុំនោះទេ ព្រោះទ្រីយ៉ាត្លុងវាមានប្រភេទវិញ្ញាសារហែលទឹក ខណៈតាមផ្ទះប្រជាពលរដ្ឋនីមួយៗមិនមានអាងសម្រាប់ហែលទឹកនោះទេ ដូច្នេះការហ្វឹកហាត់នេះ គឺហាត់បានតែ សាច់ដុំ និងកម្លាំងតែប៉ុណ្ណោះ។ នៅពេលដែលមានការប្រមូលផ្ដុំឡើងវិញ សហព័ន្ធនឹងបំពេញបន្ថែមកន្លែងដែលខ្វះខាត ហើយសហព័ន្ធក៏ត្រូវចំណាយពេលយ៉ាងតិច ២ទៅ៣ខែ ផងដែរ ទើបស្ថានភាពកីឡាករបានល្អប្រសើរដូចដើម៕

 

អត្ថបទ៖ ប៉ាវឡុង ជី

មតិយោបល់