ព្រឹត្តិការណ៍ប្រកួតកីឡាជនពិការ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ សម្រេចលើកពេល

មាស សុផាណារ៉ុង April 30, 2020


 

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាជនពិការ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលគេហៅថាអាស៊ានប៉ារ៉ាហ្គេម (ASEAN Paragames) លើកទី១០ នៅប្រទេសហ្វីលីពីន នោះត្រូវបានលើកពេលប្រកួត ក្រោយការរីករាលដាលកូវីដ-១៩។

តាមការគ្រោងទុក ព្រឹត្តិការណ៍នេះនឹងធ្វើពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ គណៈកម្មាធិការរៀបចំការប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍ នៃប្រទេសហ្វីលីពីន បានត្រៀមដាក់កីឡាចំនួន ២០ប្រភេទសម្រាប់ការប្រកួតលើកទី១០ នេះដោយឡែកកម្ពុជា បានប្រកាសដាក់កីឡាចំនួន ៩ប្រភេទសម្រាប់ការចូលរួមប្រកួតនេះដែរ។

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបង្ហាញពីជំនឿចិត្តថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមដែលត្រូវបានពន្យារពេលគ្មានការកំណត់នេះ កម្ពុជាមានជំនឿចិត្តលើ ៤ប្រភេទកីឡាថានឹងប្រជែងបានមេដាយ។

នេះជាលើកទី២ ហើយដែលប្រទេសហ្វីលីពីន ទទួលរៀបចំធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម ដែលលើកដំបូងគឺឆ្នាំ២០០៥ ដែលកាលនោះប្រទេសនេះក៏ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ដូចគ្នា។ បាវចនាសម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១០ នេះដូចគ្នាទៅនឹងបាវចនារបស់ស៊ីហ្គេម លើកទី៣០ គឺយើងឈ្នះតែមួយ (WE WIN AS ONE)។

សូមបញ្ជាក់ថា ដើមឡើយព្រឹត្តិការណ៍គឺគ្រោងធ្វើនៅ ១ខែក្រោយ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games 2019) ប៉ុន្តែដោយសារវិបត្តិហិរញ្ញវត្ថុ ក៏បន្តលើកទៅខែមីនា និងបច្ចុប្បន្នលើកសារជាថ្មីដោយសារ កូវីដ-១៩ រហូតដល់ខែតុលា៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់