វគ្គសម្រាប់មន្ត្រីរៀបចំការប្រកួតកីឡាចំបាប់ នៅកម្ពុជា ត្រូវបានខកខានដោយសារកូវីដ-១៩

មាស សុផាណារ៉ុង April 29, 2020


 

ភ្នំពេញ៖ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា លោក ធិន វិចិត្រ បានសម្ដែងនូវការខកចិត្តយ៉ាងខ្លាំង ក្នុងខណៈដែលវគ្គបណ្ដុះបណ្ដាលមន្ត្រីរៀបចំការប្រកួតមួយត្រូវបានខកខាន នាឆ្នាំ២០២០នេះ។

លោកបានបន្ទោសទៅលើការរាតត្បាតនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យអ្វីៗទាំងអស់នៅក្នុងពិភពលោកត្រូវបានលើកពេល ឬត្រូវបានលុបចោលតែម្ដង ខណៈលោកអគ្គលេខាធិការសហព័ន្ធរូបនេះទទួលស្គាល់ថាកម្ពុជាពិតជាមានមន្ត្រីរៀបចំការប្រកួត និងគ្រប់គ្រងការប្រកួតកម្រិតជាតិមែនតែមន្ត្រីគ្រប់គ្រង និងរៀបចំការប្រកួតនៅខ្វះពិសេសអាជ្ញាកណ្ដាល និងចៅក្រមដែលជាអ្នកមានតួនាទីសំខាន់នៅក្នុងការប្រកួត ។

កម្ពុជា ធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ មិនតែប៉ុណ្ណោះនាឆ្នាំ២០២៣ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ហេតុនេះកម្ពុជាត្រូវតែមានមន្ត្រីដែលមានសមត្ថភាពរៀបចំការប្រកួត មន្ត្រីគ្រប់គ្រងការប្រកួត។ លោកអគ្គលេខាធិការទទួលស្គាល់ថានេះជាវគ្គដ៏សំខាន់ដែលកម្ពុជាត្រូវការជាទីបំផុត ។

ក្រៅពីខកខានក្នុងការទទួលយកនូវវគ្គបណ្ដុះបណ្ដាលមន្ត្រីរៀបចំការប្រកួត និងមន្រ្តីគ្រប់គ្រងការប្រកួតនោះ ការប្រកួតចំបាប់ជើងឯកពិភពលោក (World Champion) នៅប្រទេសហុងគ្រី នាខែឧសភា ក៏ត្រូវលើកពេល។

ជាមួយគ្នានេះការប្រកួតជម្រុះសម្រាប់ប្រជែងរកកៅអីសម្រាប់កីឡាអូឡាំពិក នៅឯទីក្រុងតូក្យូ ប្រទេសជប៉ុន ក៏ត្រូវខកខានក្នុងខណៈដែលកីឡាការប្រកួតកីឡាអូឡាំពិក ត្រូវលើទៅឆ្នាំ២០២១ ដែរនោះ និងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ (SEA Champion) នៅប្រទេសហ្វីលីពីន ក៏ត្រូវខកខានដូចគ្នាដែរ៕

 

រូបភាព៖ Wrestling Federation of Cambodia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់