ព្រឹត្តិការណ៍រត់ម៉ារ៉ាតុនអន្តរជាតិចក្រភពខ្មែរ ដែលគ្រោងធ្វើនៅខែសីហា លើកទៅឆ្នាំក្រោយ

មាស សុផាណារ៉ុង April 27, 2020


 

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុន អន្តរជាតិចក្រភពខ្មែរ នៅឆ្នាំនេះត្រុវបានលុបចោលដោយត្រូវលើកទៅរៀបចំនៅឆ្នាំក្រោយ ទើបអាចដំណើរការឡើងវិញជាធម្មតា។ នេះបើតាមការបញ្ជាក់ពីគណៈកម្មការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអះអាងថាឆ្នាំក្រោយព្រឹត្តិការណ៍នេះនឹងរៀបចំឡើងវិញ ព្រោះវាជាព្រឹត្តិការណ៍ប្រចាំឆ្នាំនាតំបន់អង្គរ ដែលមានការទាក់ទាញយ៉ាងខ្លាំងដល់អ្នករត់ល្បីៗនៅលើពិភពលោក។

តាមការឲ្យដឹងពី ឯកឧត្តម វ៉ាត់ ចំរើន ការផ្អាកនេះធ្វើឡើងក្រោយមានការសំណូមពរពីអត្តពលិកជាតិ និងអន្តរជាតិ។ ឯកឧត្តមបន្តថា អ្នកដែលបានចុះឈ្មោះ និងបង់ថ្លៃ ចូលរួមព្រឹត្តិការណ៍នេះ រួចហើយ គណៈកម្មការ នឹងរក្សាទុករហូតដល់ព្រឹត្តិការណ៍នេះ រៀបចំឡើងវិញ នាឆ្នាំក្រោយ។ ក្នុងន័យនេះ គឺអ្នកដែលចុះឈ្មោះ និងបង់ថវិការួចហើយ នៅឆ្នាំនេះពុំចាំបាច់ចុះឈ្មោះ ឬបង់ប្រាក់ ម្តងទៀតនោះទេ។

នេះជាព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ទី២ ហើយ បន្ទាប់ពីកម្ពុជា បានសម្រេចផ្អាកការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនភ្នំពេញ ដែលគ្រោងធ្វើឡើងនៅខែមិថុនា ឆ្នាំ២០២០។

សម្រាប់ ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិ នៅខេត្តសៀមរាប ដែលអាចទាក់ទាញអត្តពលិកជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់ឲ្យចូលរួមនាអំឡុងខែធ្នូ ខាងមុខ ក៏កំពុងស្ថិតក្នុងការពិចារណាថា តើគួររៀបចំនៅឆ្នាំនេះ ឬត្រូវលើកពេលដូចព្រឹត្តិការណ៍ទាំងពីរខាងលើ។ តែយ៉ាងណា ឯកឧត្តម វ៉ា ត់ ចំរើន អះអាងថាការផ្អាក ឬមិនផ្អាកវាអាស្រ័យលើស្ថានភាពជាក់ស្តែងនៅពេលនោះ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់