ភាគីចិន ប្តេជ្ញាសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ឲ្យរួចរាល់ជាស្ថាពរនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

មាស សុផាណារ៉ុង April 27, 2020


 

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានគូសបញ្ជាក់ឲ្យដឹងកាលពីពេលថ្មីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) ក៏ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានសង្កត់ធ្ងន់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់ត្រៀមស៊ីហ្គេមនោះ ឲ្យបានចប់សព្វគ្រប់នៅដំណាច់ឆ្នាំ២០២០ នេះ។

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ទៀតថាចំពោះការសាងសង់កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ កំពុងដំណើរការសាងសង់តាមធម្មតាមិនមានការផ្អាកនោះទេដោយមានកម្មករខ្មែរ ២០០នាក់ និងកម្មករចិន ២០០នាក់ដែរ ស្ថិតនៅក្នុងការគ្រប់គ្រងយ៉ាងល្អ មិនអនុញ្ញាតឲ្យចេញចូលនោះទេ។ ពេលនេះ ការសាងសង់កីឡដ្ឋានធំ ដែលជាកន្លែងប្រារព្ធពិធីបើក-បិទ នៃស៊ីហ្គេម២០២៣ គឺសម្រេចបានប្រមាណ៨០% និយាយរួម តែសម្រាប់ផ្នែកសំណង់រឹងគឺត្រូវបានធ្វើសម្រេចបាន១០០% ហើយដោយនៅសល់តែការបំពាក់ដំបូល កៅអី កញ្ចក់…និង ការរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដែលត្រូវបំពាក់នៅខាងក្រោមអគារនៃកីឡដ្ឋាន ដែលមានផ្សារទំនើប សណ្ឋាគារ សាលហ្វឹកហាត់មួយចំនួនទៀត នៅខាងក្រោមនោះដែរ។

ភាគីចិនបានប្តេជ្ញាថានឹងសាងសង់ឲ្យរួចរាល់ជាស្ថាពរនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះហើយចាប់ពីឆ្នាំ២០២១ តទៅ នឹងអាចប្រើប្រាស់នូវពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ការហ្វឹកហាត់បន្សាំទៅនឹងទីលានទាំងនោះ។

អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា៖ «ហេដ្ឋារចនាសម្ព័ន្ធកីឡាសម្រាប់ស៊ីហ្គេម យើងមិនព្រួយបារម្ភខ្លាំងទេ ប៉ុន្តែអ្វីដែលជាក្តីបារម្ភខ្លាំងនោះ គឺការកសាងសមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា។»

ក្រោមការចង្អុលបង្ហាញរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ឲ្យប្រតិបត្តិករកីឡាសម្រួចគោលដៅលើផ្នែកបច្ចេកទេសកីឡារបស់អត្តពលិកហើយនៅដើមឆ្នាំ២០២០ នេះ ប្រសិនបើគ្មានជំងឺកូវីដ-១៩ កម្ពុជា បានបញ្ជូនអត្តពលិក១១០នាក់គ្រប់ប្រភេទកីឡាទាំងអស់ទៅហ្វឹកហាត់នៅប្រទេសចិន ប៉ុន្តែឥឡូវនេះមានភាពប្រែប្រួល ដែលកម្ពុជាគ្រោងនឹងត្រូវបញ្ជូនអត្តពលិក ១១០នាក់ទៅហ្វឹកហាត់នៅប្រទេសចិន ដដែលនាខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ ប្រសិនបើ ២ឬ៣ខែ ឆាប់ៗនេះមានលក្ខណៈល្អប្រសើរហើយត្រូវតែអនុវត្តវិធានការសុខាភិបាល ១៤ថ្ងៃនៅកម្ពុជា និងបន្ត ១៤ថ្ងៃនៅចិនទៀត។

ទោះជាយ៉ាងណាអគ្គលេខាធិការ CAMSOC បញ្ជាក់ថា ប្រសិនបើមិនអាចបញ្ជូនក្នុងខែវិច្ឆិកា ឆ្នាំ២០២០ គឺនឹងត្រូវបញ្ជូនទៅនាខែមីនា ឆ្នាំ២០២១ ដើម្បីគោលដៅដណ្តើមនូវមេដាយឲ្យបានច្រើននៅស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ដើម្បីជាសញ្ញាល្អមួយ ឬជោគជ័យមួយជំហានទៀត ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ២០២៣ នៅកម្ពុជា៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់