គ្រូតេក្វាន់ដូ WT កម្ពុជា៖ «ពេលនេះគ្មានជម្រើសណាល្អជាងការហ្វឹកហាត់តាមអនឡាញន៍ឡើយ»

មាស សុផាណារ៉ុង April 24, 2020


 

ភ្នំពេញ៖ ក្នុងស្ថានភាពដែលពិភពលោកទាំងមូល កំពុងតែខ្វាយខ្វល់ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ នោះសម្រាប់តេក្វាន់ដូ WT (World Taekwondo) បានជ្រើសរើសយកការហ្វឹកហាត់តាមប្រព័ន្ធអនឡាញន៍ជាបណ្ដោះអាសន្ន។

លោក ឆយ យ៉ុងសុក (Choi Yong Sok) ដែលជាគ្រូជម្រើសជាតិធំរបស់កម្ពុជា បានប្រាប់ឲ្យដឹងថា៖ «យើងគ្មានជម្រើសណាដែលល្អជាងនេះទេ។ ចង់ ឬមិនចង់យើងត្រូវតែបង្ខំចិត្តជ្រើសរើសវិធីនេះដើម្បីហ្វឹកហាត់ សូម្បីតែសាលាមធ្យមសិក្សា ក៏សិក្សាតាមប្រព័ន្ធអនឡាញន៍ដែរ។»

គ្រូបង្វឹករូបនេះនិយាយថា នេះជាជម្ងឺកូវីដ១៩ ដែលរាតត្បាតពេញពិភពលោកធ្វើឲ្យសកម្មភាពកីឡាទូទាំងពិភពលោកត្រូវផ្អាក ឬលើកពេលវេលាប្រកួត ប៉ុន្តែបើរាតត្បាតតែផ្នែកខ្លះនៃពិភពលោកវិញនោះប្រទេសដែលមិនរងគ្រោះគេនៅតែធ្វើសកម្មភាពកីឡា រីឯប្រទេសដែលរងគ្រោះនឹងត្រូវផ្អាកគ្រប់សកម្មភាពសង្គមទាំងអស់។

សព្វថ្ងៃនេះ កីឡាករ-កីឡាការិនីតេក្វាន់ដូជម្រើសជាតិ សម្រាប់ថ្នាលមានជាង ១០រូប និង ឈុតធំជាង ១០រូបដែរ ខណៈលោកថាមិនមែនជារឿងសាមញ្ញនោះទេនៅពេលដែលត្រូវប្រើប្រាស់ប្រព័ន្ធអនឡាញន៍ដើម្បីតាមដានការហ្វឹកហាត់របស់ពួកគេ។ ការបង្ហាត់ពីចម្ងាយ ការបញ្ជាពីចម្ងាយ ការកែលម្អកំហុសឆ្គងពីចម្ងាយវាជារឿងលំបាកណាស់។ ចំពោះកីឡាឈុតធំដែលមានខ្សែក្រវាត់ខ្ពស់ៗមិនសូវជាចោទជាបញ្ហានោះទេ តែសម្រាប់កីឡាថ្នាលដែលជាកីឡាករ-កីឡាការិនីក្មេងៗ ការប្រើប្រព័ន្ធអនឡាញន៍ដើម្បីផ្ដល់នូវអ្វីៗដែលថ្មីដល់ពួកគេពិតជាលំបាក។

ចំពោះការហ្វឹកហាត់ទៀតសោតទាំងកីឡាករ-កីឡាការិនី ត្រូវតែមានភាពស្មោះត្រង់ជាមួយគ្រូបង្វឹក ត្រូវតែមានឆន្ទៈជាអត្តពលិកពិតៗ កុំហាត់អាងតែគ្នាគ្រូនៅក្បែរបែរជាហាត់បន្តិចៗ ហើយសម្រាក ឬហាត់មិនអស់ពីកម្លាំងកាយ ចិត្តនោះគុណផល (Performance) របស់ពួកគេនឹងធ្លាក់ចុះពីបាកស្ដារឡើងវិញ។

លោក ឆយ យ៉ុងសុក បានបន្តថា ឆ្នាំនេះកម្មវិធីនានានៅក្រៅប្រទេសមិនមានឡើយ គឺមានតែការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ដែលត្រូវលើកពេលទៅឆ្នាំក្រោយទៅហើយនោះ។ គ្រូបង្វឹករូបនេះបានបង្ហាញពីជំនឿចិត្តចំពោះកីឡាករ-កីឡាការិនី ដែលធ្លាប់ដណ្ដើមបានមេដាយថាពួកគេពិតជាហ្វឹកហាត់តាមការណែនាំរបស់គ្រូ ព្រមទាំងហ្វឹកហាត់គ្រប់ម៉ោងដែលគ្រូបានដាក់ឲ្យផងដែរ៕

 

រូបភាព៖ Cambodia Taekwondo Academy

អត្ថបទ៖ វ៉ាន្នី

មតិយោបល់