ប្រមុខកីឡាកង់ ស្នើអត្តពលិកប្រឹងហ្វឹកហាត់ ខណៈឆ្នាំនេះខកខានប្រកួត ១៤កម្មវិធី ទាំងក្នុង និងក្រៅស្រុក

មាស សុផាណារ៉ុង April 24, 2020


 

ភ្នំពេញ៖ ដោយសារតែជំងឺកូវីដ១៩ បានធ្វើឱ្យព្រឹត្តិការណ៍នៅទូទាំងពិភពលោកត្រូវលើកពេល និងលុបចោល ការប្រកួតអស់ជាច្រើនរួមទាំងកម្ពុជា ដោយក្នុងនោះ ប្រភេទកីឡាទោចក្រយាន ដែលគេស្គាល់ថាជាប្រភេទកីឡាជិះកង់នោះ ក៏បានពន្យាពេលការចូលរួមប្រកួតផងដែរទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដែលមានដល់ទៅជាង ១៤កម្មវិធីប្រកួត និងវគ្គបណ្ដុះបណ្ដាល។

អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន លោក នូ ចំរើន បានឱ្យដឹងថា៖ «តាមពិតទៅនៅឆ្នាំនេះ សហព័ន្ធកីឡាទោចក្រយានកម្ពុជា មានផែនការចូលរួមប្រកួតទាំងក្នុងស្រុក និងក្រៅច្រើន ដើម្បីអនុវត្តបច្ចេកទេសទាំង គ្រូបង្វឹក កីឡាករការិនី មន្ត្រីសហព័ន្ធ និងគណៈកម្មការជាច្រើនមុនខ្លួនធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាអន្តរជាតិនានា ជាពិសេសគឺ ស៊ីហ្គេម ឆ្នាំ២០២៣ តែម្ដង។ ដោយក្នុងនោះ ក្នុងស្រុក យើងមាន ៤កម្មវិធី គឺទី១ ត្រៀមរៀបចំការប្រកួតប្រណាំងកង់ភ្នំជាស៊េរី មាន ៥ដំណាក់កាល គ្រោងធ្វើនៅខែឧសភាព ខាងមុខនេះ ទី២ នៅក្នុងខែឧសភាពដដែល សហព័ន្ធក៏ ត្រៀមប្រកួតកីឡាជាតិលើកទី៣ ដោយគ្រោងជ្រើសរើសខេត្តកែប ជាទីលានសម្រាប់ការប្រកួត ទី៣ គ្រោងរៀបចំវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹក និងទី៤ រៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នេះដែរ។»

ឯការប្រកួតជាអន្តរជាតិនៅក្រៅប្រទេសវិញ មានរហូតទៅដល់ជាង ១០កម្មវិធីប្រកួតឯណោះ ក៏ត្រូវបានលើកពេលទាំងអស់ ដោយសារបញ្ហានៃការរីករាលដានជំងឺកូវីដ១៩ (Covid-19) នេះដែរ។ ដូច្នេះផែនការសម្រាប់ឆ្នាំនេះ មានការផ្អាកជាច្រើនកម្មវិធី ដែលធ្វើឱ្យសហព័ន្ធខាតបង់នៅពេលវេលាក្នុងការជំរុញ និងការបង្កើនសមត្ថភាពរបស់កីឡាករ រួមជាមួយមន្ត្រីគណៈកម្មការ និងគ្រូបង្វឹករបស់សហព័ន្ធ។

លោកបន្តថា៖ «បើទោះបីអំឡុងពេលនេះ យើងខកខានទៅចូលរួមបកួតក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថា ព្រឹត្តិការណ៍ទាំងនោះត្រូវគេលុបចោលនោះទេ គឺគ្រាន់តែពន្យាពេលបណ្ដោះអាសន្ន ចឹងផែនការយើងសម្រាប់សម្រួចទៅមុខវារៀងរអក់រអួលបន្តិច តែសហព័ន្ធកីឡាទោចក្រយាន្ត ក៏ដូចជាឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរទោចក្រយាន តែងតែបានលើកទឹកចិត្តឲ្យខិតខំហ្វឹកហាត់នៅតាមផ្ទះ ដើម្បីរក្សានូវសិទ្ធផលឲ្យបានល្អ នៅក្រោយពេលជំងឺនេះថមថយទៅវិញ យើងនិងបន្តដំណើរដើរទៅមុខទៀត។ បើទោះបីបច្ចុប្បន្នយើងធ្វើការហ្វឹកហាត់សុទ្ធ មិនមានការប្រកួតដើម្បីតេស្តពីសមត្ថភាពក៏ដោយ។»

អគ្គលេខាធិការរូបនេះបន្ថែមថា ឯកឧត្តម ប៉ាន សូរស័ក្តិ លោកតែងតែផ្ដាំផ្ញើរជានិច្ចជាកាល ធ្វើយ៉ាងណាមើលថែរក្សាអត្តពលិកអោយបានល្អ បើទោះបីពួកគេហ្វឹកហាត់នៅតាមផ្ទះក៏ដោយ គឺលោកតែងតែស្នើដល់កីឡាករការិនី អោយប្រឹងប្រែងហ្វឹកហាត់បន្តទៀត ដើម្បីរក្សាអោយបាននូវគុណភាពបច្ចេកទេសសម្រាប់ការចូលរួមប្រកួត ក្នុងស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម និងស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា ផងដែរ។ ម្យ៉ាងទៀត ឯកឧត្តម តែងតែផ្ដាំផ្ញើទៅដល់អត្តពលិក ក្នុងការមានអនាម័យកម្រិតខ្ពស់ មានន័យថាអនុវត្តតាមសេចក្ដីណែនាំរបស់ស្ថាប័នជំនាញ ក្រសួងសុខាភិបាល ត្រូវលាងដៃអោយបានខ្ចាប់ខ្ជួន ត្រូវសម្អាតរាងកាយ ហើយយើងក៏ត្រូវស្ដាប់ការណែនាំទៅលើអាជ្ញាធរដែនដីនៅក្នុងតំបន់របស់យើងដែលកំពុងរស់នៅ និងកំពុងហ្វឹកហាត់ផងដែរ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់