ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ចុះត្រួតពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់អាងហែលទឹក ពហុកីឡដ្ឋានជាតិ

មាស សុផាណារ៉ុង April 23, 2020


 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ អាងហែលទឹក នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ជាក់ស្តែងនៅពេលនេះយើងបានធ្វើការស្តារអាងទឹកនេះឡើងវិញឲ្យស្របទៅតាមស្តងដារអន្តរជាតិថ្មី ដែលមានបណ្តោយ ៥០ម៉ែត្រ ទទឹង ២៥ម៉ែត្រ ដែលមានខ្សែបន្ទាត់ចំនួន១០ ហើយចំពោះខាងលោតទឹកវិញគឺបានពង្រីក ២៥ម៉ែត្រ គុណ ២០ម៉ែត្រ ហើយការរៀបចំនេះដែរ គឺដើម្បីឲ្យកីឡាករ-កីឡាការរិនី មានទីតាំងហាត់បន្ថែមទៀតឲ្យមានភាពងាយស្រួលជាងមុន។ លោកទេសរដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ការជួសជុសអាងទឹកនេះត្រូវប្រើប្រាស់ថវិការប្រហែល ២លានដុល្លារអាមេរិក ដោយមិនទាន់គិតទៅលើសម្ភារៈផ្សេងៗដែលត្រូវទិញដាក់បន្ថែមនៅកន្លែងហាត់ប្រាណនៅលើគោកនោះទេ ហើយចំពោះកន្លែងហាត់ប្រាណនៅលើគោកនេះដែល មានទទឹង១២ម៉ែត្រ និងបណ្តោយ ១៨ម៉ែត្រ ដែលដាក់សម្រាប់តែកីឡាករ-កីឡាការរិនីហែលទឹកតែប៉ុណ្ណោះ ដូចនេះត្រូវតែមានការហាត់នៅលើគោកបន្ថែមទៀត។

លោកបានបញ្ជាក់ទៀតថា ក្រៅពីនោះទៀត ក៏មានបន្ទប់ស្នាក់នៅសម្រាប់កីឡាករ-កីឡាការរិនី អាចស្នាក់នៅបាន និងមានរៀបចំជាកន្លែងទទួលទានអាហារត្រឹមត្រូវផងដែរ ពីព្រោះកីឡាករ-កីឡាការរិនី ហែលទឹក គឺពិតជាត្រូវការកម្លាំងខ្លាំងណាស់ ដើម្បីយកឈ្នះគួប្រកួតរបស់ខ្លួន។ នៅប្រទេសគេកីឡាករ- កីឡាការរិនី ហែលទឹកនេះ គឺហាត់នៅលើគោក ច្រើនជាងហាត់នៅក្នុងទឹក ដែលការហាត់នៅលើគោក គឺសំដៅទៅដល់កន្លែងលើកសាច់ដុំនេះឯង។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ចំពោះថវិការដែលចំណាយលើកការស្តារ អាងទឹកពហុកីឡាដ្ឋានជាតិអូឡាំពិកកម្ពុជានេះ គឺសុទ្ធតែជាជំនួយទាំងអស់ ដោយសហព័ន្ធកីឡាហែលទឹក បានសហការណ៍ជាមួយខាងផ្នែកឯកជន ហើយជាពិសេសនោះ គឺក្រុមហ៊ុន ឈៀងហៃ ខន់ត្រាក់សិន ដែលជាក្រុមហ៊ុនសាងសង់ផ្លូវច្រើននៅកម្ពុជា ហើយក៏ជាក្រុមហ៊ុន ដែលមានបទពិសោធន៍ច្រើន ក្នុងការក៏សាងអាងហែលទឹកអន្តរជាតិនៅទូទាំពិភពលោកផងដែរ ដូច្នេះហើយសហព័ន្ធកីឡាហែលទឹកក៏បានស្នើឲ្យក្រុមហ៊ុនជួយស្តារអាងទឹកនេះឡើង ហើយលោកនឹងសហការជាមួយផ្នែកឯកជនផ្សេងៗទៀត ដើម្បីស្នើថវិការមកទិញសម្ភារៈមួយចំនួន ដាក់នៅកន្លែងកន្លែងហាត់ប្រាណនៅលើគោកនេះតែម្តង។

ទន្ទឹមនឹងនេះ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនចិន ដែលបានស្តារអាងហែលទឹកនៅពហុកីឡាដ្ឋានជាតិអូឡាំពិកឡើងវិញ៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation | អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់