សហព័ន្ធកីឡាទោចក្រយានកម្ពុជា ផ្ដល់ឧបករណ៍ Roller Bike ដល់អត្តពលិកសម្រាប់ហាត់បច្ចេកទេសនៅផ្ទះ

មាស សុផាណារ៉ុង April 23, 2020


 

ភ្នំពេញ៖ ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិនៅតាមផ្ទះអំឡុងពេលដែល ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសធ្វើការរំសាយនោះ សុទ្ធតែមានឧបករណ៍ដើម្បីហ្វឹកហាត់រៀងៗខ្លួនទៅតាមប្រភេទកីឡាដែលត្រូវការជាចាំបាច់ ដោយក្នុងនោះក៏មានប្រភេទកីឡាខ្លះ ហាត់បច្ចេកទេសដោយមិនប្រើឧបករណ៍ជំនួយផងដែរ។

ថ្ងៃនេះសារព័ត៌មាន camsports.org សូមលើកយកប្រភេទកីឡាទោចក្រយាន (កង់) ដែលបច្ចុប្បន្នកំពុងធ្វើការហ្វឹកហាត់បច្ចេកទេសលក្ខណៈស្ដង់ដាអន្តរជាតិ តាមផែនការរបស់សហព័ន្ធដូចដើម បើទោះបីហាត់នៅផ្ទះក៏ដោយ។ ខណៈដែលការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) មិនសូវជាមានប៉ះពាល់ខ្លាំងឡើយសម្រាប់ការហ្វឹកហាត់បច្ចេកទេស របស់អត្តពលិកកីឡាកង់។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានមានប្រសាសន៍ថា៖ «កីឡាទោចក្រយានគឺហ្វឹកហាត់ជាឯកត្តជន ដូចទៅនឹងប្រភេទកីឡាមួយចំនួនដែរ តែប្រើឧបករណ៍ខុសគ្នា ហើយមិនបាច់ធ្វើការហ្វឹកហាត់នៅខាងក្រៅក៏បានដែរ ដោយសារយើងមាន Roller Bike គឺជាឧបករណ៍ដែលយើងដាក់កង់នៅពីលើវាធាក់ទៅមុខហើយវានឹងនៅមួយកន្លែង។ ឧបករណ៍នេះសហព័ន្ធបានផ្ដល់ជូនម្នាក់មួយសេត សម្រាប់ទៅធ្វើការហ្វឹកហាត់នៅតាមផ្ទះ អំឡុងពេលនៃជំងឺ Covid-19 នេះ។»

លោកបន្តថា៖ «កម្មវិធីហ្វឹកហាត់កីឡាទោចក្រយាន គឺគ្រូបង្វឹកតែដាក់ឱ្យជារៀងរាល់ថ្ងៃ មានការហ្វឹកហាត់កម្លាំង ហ្វឹកហាត់បច្ចេកទេស ជាកាយសម្បទាសាច់ដុំផ្សេងៗ ការហាត់ភាពអំណត់ ហាត់ស៊ុស ហាត់ជិះកង់ ៣ទៅ៤ម៉ោង នៅលើឧបករណ៍ Roller ហើយហាត់រយៈចម្ងាយមានការកំណត់ថេរៈវេលាច្បាស់លាស់ និងកំណត់ប្រវែងដែលយើងជិះទៅមានចម្ងាយប៉ុន្មាន និងការវាស់ចង្វាក់បេះដូងរបស់កីឡាករដែរ ចឹងកីឡាករប្រណាំងកង់ក៏អាចធ្វើការហ្វឹកហាត់នៅផ្ទះបានទាំងកម្លាំង និង បច្ចេកទេស។»

«កីឡាករការិនីទាំងអស់ត្រូវបានក្រសួងប្រកាសរំសាយហើយទៅស្នាក់នៅគេហដ្ឋានរៀងៗខ្លួនវិញ គឺវាមិនស្ថិតនៅក្នុងការខ្លាំមើលរបស់សហព័ន្ធ ក៏ដូចជាមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡា ក្នុងការត្រួតពិនិត្យតាមដានលើការហ្វឹកហាត់របស់ពួកគេ។ ខ្ញុំយល់ថាមិនគ្រប់គ្រាន់ទេសម្រាប់សហព័ន្ធ ព្រោះថាពួកគាត់មានពេលហ្វឹកហាត់តិចតួច ដោយនៅសល់ពេផ្សេងទៀត គាត់អាចទៅជួយឪពុកម្ដាយលើការរកស៊ីលក់ដូរ និងធ្វើអ្វីផ្សេងៗ ចឹងរាល់ការហ្វឹកហាត់មិនមានពេលគ្រប់គ្រាន់ដូចការហ្វឹកហាត់ប្រមូលផ្ដុំរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡានោះទេ។ ទី២ គាត់នៅឆ្ងាយពីគ្រូបង្វឹក ឆ្ងាយពីអនុរក្សចឹងគាត់អាច ធ្វើការហ្វឹកហាត់វាមិនពេញដៃពេញជើងគ្រប់លទ្ធភាពទេ ទោះបីគ្រូបង្វឹកជម្រើសជាតិគាត់ដាក់ផែនការហ្វឹកហាត់ស្ដង់ដាតាមកម្មវិធី ឬក៏ធ្វើការហ្វឹកហាត់ដោយផ្ញើ Video មកសហព័ន្ធយ៉ាងណាក៏ដោយ ក៏មិនទាន់គ្រប់គ្រាន់ នឹងល្អដូចការប្រមូលផ្ដុំហ្វឹកហាត់ ដោយយើងមើលឃើញដោយផ្ទាល់ភ្នែកនោះដែរ។» អគ្គលេខាធិការវ័យក្មេងរូបនេះ ទទួលស្គាល់ថា ការហ្វឹកហាត់នៅផ្ទះមានផលប៉ះពាល់ខ្លះដល់អត្តពលិកប្រណាំងកង់៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់