ព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកមួយត្រូវខកខាន និងវគ្គបណ្ដុះបណ្ដាលត្រូវពន្យារពេល

មាស សុផាណារ៉ុង April 23, 2020


 

ភ្នំពេញ៖ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថាសម្រាប់សហព័ន្ធខ្មែរកីឡាហែលទឹក ត្រូវបានរងផលប៉ះពាល់ដោយសារការរំខាននៃជំងឺកូវីដ១៩។ លោកទទួលស្គាល់ថា សម្រាប់ឆ្នាំនេះសហព័ន្ធហែលទឹក មិនមានព្រឹត្តិការណ៍នៅក្រៅប្រទេសច្រើននោះទេ តែសម្រាប់នៅក្នុងប្រទេសព្រឹត្តិការណ៍ចំនួន២ មួយត្រូវបានខាកខាន និងមួយទៀតត្រូវបានពន្យារពេល។

ព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំមួយដែលគេប្រសិទ្ធិនាមថា ការប្រកួតហែលទឹកដណ្ដើមពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន ដែលតែងតែរៀបចំធ្វើឡើងនៅរាលខែកុម្ភៈ រៀងរាល់ឆ្នាំនោះត្រូវបានខកខានប្រកួត។ តែប្រសិនបើជំងឺកូវីដ១៩ នេះឆាប់សាបរលាបទៅវិញនោះលោកនឹងខិតខំរៀបចំឲ្យបាននៅក្នុងឆ្នាំនេះ។

ព្រឹត្តិការណ៍មួយទៀតគឺ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹក ដែលលោកគ្រោងធ្វើរយៈពេល៥ថ្ងៃ គ្រោងនឹងចាប់ផ្ដើមពីខែឧសភា ទៅនោះក៏ត្រូវបានលើកពេល។ ពេលនេះវគ្គនេះលោកបង្ខំចិត្តលើកទៅធ្វើនាខែសីហា ក្នុងឆ្នាំដដែលនេះ តែប្រសិនបើការរាតត្បាតរបស់កូវីដ១៩ នៅតែអូសបន្លាយនោះអ្វីៗនឹងត្រូវប្រែប្រួលទៀតជាមិនខាន។

វគ្គនេះនឹងចំណាយដោយថវិការរបស់ក្រសួងអប់រំ យុវជន និងកីឡា ចំពោះគ្រូឧទ្ទេសវិញនោះលោកក៏គ្រោងនឹងអញ្ជើញគ្រូមកពីសហព័ន្ធអន្តរជាតិផងដែរ។

ពាក់ព័ន្ធនឹងការហ្វឹកហាត់វិញនោះ លោកបានបញ្ជាក់ថា គឺមានការហ្វឹកហាត់តាមផ្ទះដូចសហព័ន្ធនានាដែរ ដោយសម្រាប់អ្នកដែលមិនមែនរស់នៅតំបន់ទន្លេ ព្រែក ឬស្ទឹង នោះពួកគេហាត់នៅលើគោក ពួកគេហាត់គ្រាន់តែដើម្បីរក្សាកម្លាំង និងរក្សាចលនាឲ្យបានតែប៉ុណ្ណោះ។

ចំពោះអ្នកដែលរស់នៅតាមតំបន់ដែលមានស្ទឹង ទន្លេ ព្រែក ក្រៅពីហាត់លើគោកគេ មានទឹកសម្រាប់អនុវត្តន៍ផ្ទាល់ ទោះជាយ៉ាងណាក៏លោកទទួលស្គាល់ថាការហ្វឹកហាត់បែបនេះមិនសូវមានគុណភាពនោះទេ តែសហព័ន្ធគ្មានការជ្រើសរើសណាដែលល្អជាងនេះឡើយ ។

សហព័ន្ធបានកំណត់ឲ្យគ្រូបង្វឹកផ្ញើកម្មវិធីហ្វឹកហាត់ដល់ពួកគេរាល់ថ្ងៃ ព្រមទាំងកំណត់ម៉ោងហ្វឹកហាត់ហើយសហព័ន្ធតាមដានការហ្វឹកហាត់របស់ពួកគេតាមរយៈវីដេអូ ដោយសហព័ន្ធកំណត់ពីពេលវេលានៃការផ្ញើវីដេអូហ្វឹកហាត់នោះមក។ លោកទទួលស្គាល់ថាសម្រាប់អ្នកស្មោះត្រង់ និងមានឆន្ទៈពិតប្រាកដនោះគេនឹងហាត់តាមគ្រប់ការណែនាំរបស់គ្រូតែលោកជឿថាអ្នកមានឆន្ទៈពិតប្រាកដដូចជាលំបាកបន្តិចហើយ៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់