សហព័ន្ធរាំ៖ ទោះដំណាក់កាលនេះលំបាក យើងនៅតែជម្រុញ និងលើកទឹកចិត្តអត្តពលិកក្នុងការហ្វឹកហាត់

មាស សុផាណារ៉ុង April 22, 2020


 

ភ្នំពេញ៖ ដើម្បីរក្សាគុណភាព និងបច្ចេកទេសកីឡាករកីឡាការិនី អោយនៅបានល្អ បើទោះបីមិនបានល្អ ១០០ភាគរយ តែសហព័ន្ធកីឡារាំកម្ពុជា នៅតែខិតខំបន្តជម្រុញការហ្វឹកហាត់ និងតាមតានកីឡាករកីឡាការិនី របស់ខ្លួនយ៉ាងដឹកដល់នៅតាមផ្ទះ ដើម្បីត្រៀមប្រកួតដណ្ដើមយកមេដាយនៅឆាកអន្តរជាតិ ជាពិសេស គឺការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បើទោះបីស្ថានភាពនៅក្នុងប្រទេសកំពុងជួបបញ្ហាជំងឺ Covid-19 ក៏ដោយ។ នេះបើតាមសម្ដីរបស់ អ្នកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា។

អ្នកស្រីមានប្រសាសន៍បែបនេះថា៖ «សម្រាប់ការផ្អាកប្រមូលផ្តុំហ្វឹកហាត់មូយរយៈនេះ មិនមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរខ្លាំចំពោះកីឡានៅកម្ពុជា ពីព្រោះកីឡាករកីឡាការិនី ទាំងអស់បានហាត់ខ្លួនឯង តាមផ្ទះរៀងៗខ្លួន ដូចជាកីឡារាំ លោកគ្រូ អ្នកគ្រូបង្វឹក បានថតផ្ញើរវីដេអូតាម online ដើម្បីឲ្យកីឡាករ កីឡាការិនី ហាត់តាម និងឲ្យកីឡាករ កីឡាការីនី ផ្ញើរមកវិញដើម្បីគ្រូកែនូវកំហុសខ្វះខាតក្នុងពេលហ្វឹកហាត់។ ប៉ុន្តែចំពោះវិញ្ញាសារត្រូវរាំជាមួយដៃគូដូច្នេះមានការពិបាកបន្តិច។»

តែទោះជាមានកាពិបាកយ៉ាងណាក៏ដោយ សហ័ពន្ធតែងតែជម្រុញលើកទឹកចិត្ត គ្រូបង្វឹក កីឡាករ កីឡាការិនី ឲ្យខិតខំហ្វឹកហាត់ខ្លួនឯង ថែទាំសុខភាព រក្សាអនាម័យជាចម្បងដើម្បីចៀសផុតពីជម្ងឺ។

អគ្គលេខាធិការរូបនេះបន្តថា៖ «តាមពិតទៅនៅឆ្នាំនេះ សហព័ន្ធមានគម្រោងចេញទៅប្រកួតនៅក្រៅប្រទេស តែត្រូវខកខានដោយសារបញ្ហាជំងឺ Covid-19 ដោយយើងត្រូវចេញទៅប្រកួត នៅតៃវ៉ាន់ ហុងកុង ប្រទេសថៃ និងប្រទេសវៀតណាម តែគម្រោងនេះត្រូវបានសហព័ន្ធកីឡារាំអាស៊ីលើកពេលបណ្ដោះអាសន្ន ដោយរង់ចាំមើលស្ថានភាពនៃជំងឺ Covid-19 សិន ដោយមិនទាន់ដឹងថាគេនឹងប្រកាសបើកការប្រកួតវិញនៅពេលណាឡើយ។»

យ៉ាងណាក្ដី អ្នកស្រី ហង់ ស៊ីមន បានប្រាប់ថា កីឡារាំប្រភេទនេះអាចរក្សាគុណផលនៃការហ្វឹកហាត់បាន មិនពិបាកនោះទេ ព្រោះកីឡាករ កីឡាការិនី បានប្រឹងប្រែងហាត់ខ្លួនឯងរហូត ដូច្នេះមិនចំណាយពេលច្រើនឡើយ ដើម្បីពង្រឹងគុណភាពអត្តពលិកឡើងវិញសម្រាប់ការត្រៀមការប្រកួតអន្តរជាតិនានា៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់