ព្រឹត្តិការណ៍កីឡាមួយចំនួនធំ ដែលបាននឹងកំពុងផ្អាកក្នុងឆ្នាំនេះ ដោយសារកូវីដ១៩

មាស សុផាណារ៉ុង April 7, 2020


 

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថាព្រឹត្តិការណ៍កីឡាជាតិភាគច្រើនត្រូវបានលើកពេលប្រកួត។ នេះបើតាមការលើកដោយឯកឧត្តមផ្ទាល់កាលពីពេលថ្មីៗនេះ។

តាមការបញ្ជាក់ ការប្រកួតកីឡាជាតិ លើកទី៣ ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ដែលជាគោលដៅបាញ់ ឆ្ពោះទៅទទួលរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នោះ ក៏ត្រូវបានពន្យាពេលដូចគ្នាផងដែរ រួមទាំងការរៀបចំព្រឹត្តិការណ៍កីឡានានាមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទិវាកីឡាទេសចរណ៍ នានាជាដើម។

ការរៀបចំការប្រកួតចំបាប់បុរាណ ដែលជាកីឡាប្រពៃណីជាតិខ្មែរ ព្រមទាំងទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ នាអំឡុងខែមិថុនា ត្រូវលើកយកទៅរៀបចំនៅឆ្នាំក្រោយជំនួសវិញ។ក្នុងខណៈការប្រកួតប្រដាល់គុនខ្មែរនៅតាមបណ្តាស្ថានីយ៍ទូរទស្សន៍ក៏ត្រូវបានផ្អាកការប្រកួតជាបណ្ដោះអាសន្ន កាលពីអំឡុងសប្ដាហ៍កន្លងទៅ ផងដែរនោះ។

កាលពីចុងខែមីនា ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងស្រុកធំៗ ដល់ទៅ៤ ក៏ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា សម្រេចផ្អាកដូចគ្នាផងដែរ ដែលរួមមាន លីគកំពូលកម្ពុជា, ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងពានរង្វាន់យុវជន ២កម្រិតផ្សេងគ្នា (អាយុក្រោម ១៦ឆ្នាំ និង១៨ឆ្នាំ) អ្វីៗគឺដើម្បីចូលរួមបង្ការ និងទប់ស្កាត់កូវីដ១៩ ហើយសកម្មភាពនានានឹងត្រូវបន្តផ្អាក រហូតដល់មានការជូនដំណឹងជាថ្មីពីរាជរដ្ឋាភិបាល។

ដោយឡែកទិវារត់ប្រណាំងដ៏ធំប្រចាំឆ្នាំ នៅតំបន់អង្គរខេត្តសៀមរាប ទិវារត់ប្រណាំងម៉ារ៉ាតុង នាខែសីហា និងទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង នាខែធ្នូ មិនទាន់សម្រេចផ្អាកនោះទេ ដោយរង់ចាំមើសភាពការណ៍ ១ខែ ឬ២ខែបន្តទៀតសិន៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់