ឯកឧត្តម វ៉ាត់ ចំរើន ៖ «គោលដៅស៊ីហ្គេម យើងត្រូវតែធ្វើ បើទោះបី Covid-19 កំពុងវាយលុក»

មាស សុផាណារ៉ុង April 7, 2020


 

ភ្នំពេញ៖ ខណៈដែលការរាតត្បាតវីរុសកូវីដ១៩ (Covid-19) នៅក្នុងប្រទេសកម្ពុជា កំពុងមានឥទ្ធិពលគ្រប់ប្រភេទកីឡាទាំងអស់ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយនឹង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្រេចផ្អាកការប្រមូលផ្ដុំហ្វឹកហាត់បណ្ដោះអាសន្ន ដោយមិនមានការកំណត់ឡើយ តែត្រូវបន្តការហ្វឹកហាត់រៀងៗខ្លួនរាល់ថ្ងៃនៅផ្ទះ ដើម្បីពង្រឹងទាំងបច្ចេកទេស និងលក្ខណៈសម្បត្តិត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាននេះ។

អគ្គលេខាធិការនៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «ផលប៉ះពាល់ផ្នែកបច្ចេកទេសនៅតែមាន សំខាន់ត្រូវមានការចូលរួមពីគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ដើម្បីជម្នះស្ថានការណ៍ដ៏អាក្រក់នេះ។ យើងត្រូវតែយល់ ទោះអត់មានការប្រមូលផ្ដុំ តែយើងជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ចឹងយើងសម្រាកនៅផ្ទះ មិនមែនសម្រាកអសកម្មទេ ត្រូវសម្រាកសកម្ម ដោយហ្វឹកហាត់ខ្លួនឯង មានកម្មវិធីច្បាស់លាស់ និងតាមដានខ្លួនឯង ហើយកុំមានអារម្មណ៍ផ្ដេកផ្ដួលទៅលើ Covid-19 ពេក ដោយមិនធ្វើអ្វីទាំងអស់ គឺមិនបានទេ។»

ឯកឧត្តមបន្តទៀតថា៖ «នេះជាពេលវេលាមួយសំខាន់ ដែលខ្ញុំសូមផ្ញើនូវខ្លឹមសារព្រមទាំងទ្រឹស្តីនៃការហ្វឹកហាត់ដល់អត្តពលិកក្រុមជម្រើសជាតិយើងទាំងអស់ ដើម្បីអនុវត្តឲ្យបានខ្ជាប់ខ្ជូននូវការហ្វឹកហាត់លក្ខណៈផ្ទាល់ៗខ្លួនក្នុងការរក្សាគុណភាព សិទ្ធិផល ឬសក្តានុពល ដែលយើងធ្លាប់មាន ហើយនៅពេលក្រសួងសុខាភិបាល លោកគ្រប់គ្រងការរាតត្បាតមេរោគកូវីដ ១៩ នេះ បានយើងនឹងចូលមកហ្វឹកហាត់ប្រមូលផ្តុំវិញ គឺនឹងវិលមកល្អធម្មតាវិញ។»

កន្លងមក NOCC និងក្រសួងអប់រំ យុវជន និងកីឡា បានចេញនូវវិធានការជាបន្ដបន្ទាប់ ក្រោយផ្អាកការប្រកួត និងការហ្វឹកហាត់ជម្រើសជាតិ តាមការណែនាំរបស់រាជរដ្ឋាភិបាល។ គោលការណ៍នេះ មិនមែនតែកម្ពុជាទេ គ្រប់បណ្ដាប្រទេសសុទ្ធតែរងផលប៉ះពាល់ដូចគ្នា ក្នុងវិស័យកីឡា ជាក់ស្ដែងសូម្បីព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២០ ក៏លើកទៅឆ្នាំ២០២១ ដែរ ដែលនេះគឺជាក្ដីបារម្ភ តែជាទឡហីករណ៍មួយជំរុញឲ្យកម្ពុជា ត្រូវប្រឈរមុខ និងខ្នះខ្នែងរកគ្រប់វិធី ដើម្បីសម្រេចគោលដៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយជោគជ័យ។

អគ្គលេខាធិការរូបនេះសង្កត់ធ្ងន់ថា៖ «យើងរំឮកហើយរំឮកទៀត គោលដៅស៊ីហ្គេមយើង ត្រូវតែធ្វើ និងជឿជាក់ ដូចការប្ដេជ្ញាចិត្តក្នុងមហាសន្និបាត NOCC កាលពីថ្មីៗ ដែលដឹកនាំរបស់ ឯកឧត្តម ថោង ខុន ត្រូវធ្វើម៉េចស៊ីហ្គេម-២០២៣ ត្រូវតែជោគជ័យ។ ចឹងយើងត្រូវតែត្រៀមលក្ខណៈបន្ដនូវផែនការមេរបស់យើង ហើយយើងនឹងសម្រុកឲ្យកាន់តែខ្លាំងទៀត គេហៅថា យកបរិយាកាសនៃវិបត្តិនេះ ឲ្យទៅជាកាលានុវត្តភាព នៃការអភិវឌ្ឍយ៉ាងគម្ហុកទៅលើបច្ចេកទេស ការហ្វឹកហាត់ និងការត្រៀមលក្ខណៈរបស់យើង។»

ជាមួយគ្នានេះលោកក៍បានក្រើនរំលឹកដល់អត្តពលិកគួរតែកុំចាកចេញទៅក្រៅជួបជុំគ្នាច្រើន ក្នុងពិធីអ្វីដែលនាំឲ្យមានហានិភ័យខ្ពស់ ក្នុងការឆ្លង គឺត្រូវត្រៀមខ្លួនឲ្យល្អ ចូលរួមការប្រកួតស៊ីហ្គេម ជាប្រវត្តិសាស្ត្រ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះឆ្នាំ ២០២៣ ដោយខ្ញុំរំពឹងថា រយៈពេលមិនយូរទៀតទេ ដែលមេរោគកូវីដនេះ នឹងថមថយទៅវិញ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់