សក្ដានុពល នៃពហុកីឡដ្ឋានមរតកតេជោ ដែលនឹងបញ្ចេញសម្រស់របស់ខ្លួននាឆ្នាំ២០២៣ ខាងមុខ

មាស សុផាណារ៉ុង April 4, 2020


 

ភ្នំពេញ៖ ពហុកីឡដ្ឋានមរតកតេជោ នឹងបញ្ចេញនូវសម្រស់របស់ខ្លួននាឆ្នាំ២០២៣ ខណៈដែលកម្ពុជាត្រូវទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម – SEA Games) ជាលើកដំបូង ។

រូបភាព​ដកស្រង់ពីគម្រោង

ដោយមិននិយាយពីកីឡាបាល់ទាត់ ដែលកម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ធំៗទាំងកម្រិតទ្វីប តំបន់ និងពិភពលោកនោះ ក្នុងការប្រកួតជាលក្ខណៈពហុកីឡា កម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះ តែម្ដងគត់ នាឆ្នាំ១៩៦៦ គឺការប្រកួតកីឡាហ្គាណេហ្វូ (Ganefo Games)។ បន្ទាប់ពីនោះមក កម្ពុជា បានលង់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមអស់ជាង ៣០ឆ្នាំ។

ខណៈពេលនេះ ពហុកីឡដ្ឋានមរតកតេជោ នឹងក្លាយជាកន្លែងប្រកួតពហុកីឡាដ៏ធំមួយ ដែលបានកើតឡើងដោយស្នាដៃថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នាសម័យបច្ចុប្បន្ននេះ។

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ គឺជាឱកាសជាប្រវត្តិសាស្ត្រ និងជានិមិត្តរូប សម្រាប់កម្ពុជា ម្យ៉ាងវិញទៀតកីឡា និងពហុកីឡដ្ឋាន នឹងបម្រើដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកទីផ្សារឲ្យកម្ពុជា ជាលក្ខណៈអន្តរជាតិក្នុងនាមជាប្រទេស ស្អាត និងមានពណ៌បៃតង (Clean and Green)

ពហុកីឡដ្ឋាននេះមានកន្លែងអង្គុយទស្សនារហូតដល់ ប្រាំមួយម៉ឺនកន្លែង (៦ម៊ឺនដុល្លារ) នឹងមានរូបរាងដូចដំបូលទូក គឺជាការរំលឹកទៅដល់ការធ្វើដំណើរតាមផ្លូវដឹកជញ្ជូនពីជាង ៣០០០ឆ្នាំមុនរវាងទំនាក់ទំនង កម្ពុជា-ចិន ពេលដែលប្រទេសទាំងពីរបានចងសម្ព័ន្ធភាពខាងផ្នែកជំនួញ និងការអភិវឌ្ឍន៍។

នៅឆ្នាំ២០១៥ កម្ពុជាបានសហការជាមួយប្រទេសចិន ដើម្បីកសាងពហុកីឡដ្ឋានធំ និងល្បីឈ្មោះនេះឡើង។ ក្រុមការងាររួមគ្នាមកពីប្រទេសចិន និងកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យមើលគម្រោងសាងសង់នេះ។

បន្ទាប់ពីកីឡាស៊ីហ្គេម ពហុកីឡដ្ឋាននេះនឹងបើកទ្វារស្វាគមន៍សម្រាប់ព្រឹត្តិការណ៍កីឡា និងការហ្វឹកហាត់ផ្សេងទៀត ក្រៅពីនេះនឹងត្រូវបានប្រើប្រាស់ផងដែរសម្រាប់គោលដៅទេសចរណ៍ វប្បធម៌ អប់រំ និងការកម្សាន្តនានា តាមរយៈការប្រារព្ធពិធីប្រគំតន្ត្រី និងការតាំងពិព័រណ៌នានា។

ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ កីឡាករ-កីឡាការិនីកម្ពុជា ចំនួនប្រមាណ ៧០០នាក់ នឹងធ្វើការប្រកួតជាមួយកីឡាករ-កីឡាការិនី ៧,០០០នាក់ ផ្សេងទៀតមកពីគ្រប់ទិសទីនៃតំបន់អាស៊ីអាគ្នេយ៍ ទាំង ១១ប្រទេស (និយាយចំពោះវិស័យកីឡា មានបូកបញ្ចូលទីម័រខាងកើត) និងបន្ថែមពីលើនេះ ក៏មានគ្រូបង្វឹក អាជ្ញាកណ្តាល និងបុគ្គលិក ប្រមាណចំនួន ៣,០០០នាក់ ដែលពេលនោះគេរំពឹងថាពហុកីឡដ្ឋាននេះនឹងបើកទ្វារស្វាគមន៍មនុស្សប្រមាណជាង ១០,០០០នាក់។ ពហុកីឡដ្ឋាននេះមានសមត្ថភាព ជម្លៀសមនុស្សតែក្នុងរយៈពេល ៧នាទីប៉ុណ្ណោះ ករណីមានគ្រោះអាសន្នជាយថាហេតុណាមួយ។

ក្រៅពីមានមជ្ឈមណ្ឌលហែលទឹកលោតទឹក កន្លែងប្រកួតកីឡាក្នុងសាល និងក្រៅសាលនោះ មណ្ឌលទស្សបាល់ទាត់ មានកម្ពស់ ៥ជាន់ ដោយមានជានផ្ទាល់ដីជាន់កណ្ដាល និងជានខ្ពស់បំផុត។ ពហុកីឡដ្ឋាន ដែលមានតម្លៃប្រមាណ ១៦០លានដុល្លារអាមេរិកនេះ គ្រោងងនឹងបញ្ចប់ការសាងសង់នាចុងឆ្នាំ២០២០ នេះ៕

ទស្សនាវីដេអូ៖

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់