ក្រសួងអប់រំ យុវជន និងកីឡា ស្នើផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាបណ្តោះអាសន្ន

មាស សុផាណារ៉ុង April 3, 2020


 

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីស្នើសុំផ្អាកដំណើរកាអាជីវកម្មក្លិបហាត់ប្រាណ នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន។ នេះបើយោងតាមការប្រកាសនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។

រូបតំណាង (ក្លឹបហាត់ប្រាណ Superfit – Fitness and Health Club) 

តាមសេចក្ដីជូនដំណឹងដដែល ​ការស្នើសុំបែបនេះគឺដើម្បីទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ១៩ (COVID-19) ដែលកំពុងកើតមានឡើងនៅជុំវិញពិភពលោក បូករួមទាំងនៅកម្ពុជា ដូច្នេះ​រាល់អាជីវកម្មក្លឹបហាត់ប្រាណនៅទូទាំងប្រទេស ជាបណ្ដោះអាសន្នចាប់ពីថ្ងៃជូនដំណឹងតទៅ រហូតដល់ស្ថានភាពជំងឺរាតត្បាតត្រូវបានបញ្ចប់។

សូមបញ្ជាក់ថា វីរុស COVID-19 ដែលបានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ២០១៩ បាននាំឲ្យសកម្មភាពដែលពាក់ព័ន្ធនឹងវិស័យកីឡាជាច្រើន ដូចជាការប្រមូលផ្ដុំហ្វឹកហាត់, ការប្រកួត, និងការជួបជុំកីឡា ស្ទើរជុំវិញពិភពលោកបានសម្រេចផ្អាក ក៏ដូចជាពន្យាពេលជាបន្តបន្ទាប់ ដើម្បីបង្ការការរីករាលដាលនៃវីរុសនេះ ខណៈជាក់ស្ដែងថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការអនុវត្តសកម្មភាព ឬការជួបជុំណាមួយ (សំដៅលើការជួបជុំនៃសហព័ន្ធកីឡាជាតិនានា ដែលមានទីស្នាក់ការនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ) ឬការហាត់ប្រាណ គឺតម្រូវឲ្យមានការរៀបចំ និងអនុវត្តក្នុងទ្រង់ទ្រាយតូចក្រោម ១០នាក់ ផងដែរ៕

 

រូបភាព៖ Superfit – Fitness and Health Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់