វៀតណាម គ្រោងចំណាយថវិកាប្រមាណ ៧៧លានដុល្លារ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២១

មាស សុផាណារ៉ុង April 3, 2020


 

ហាណូយ៖ ប្រទេសវៀតណាម បានត្រៀមរួចជាស្រេចដើម្បីចំណាយនូវថវិកាចំនួន ១,៤សែនកោដិដុង ដែលប្រមាណជា ​៧៧លានដុល្លារ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games 2021) លើកទី៣១ ឆ្នាំ២០២១ ដែលគ្រោងនឹងធ្វើនៅទីក្រុងហាណូយ។

ស៊ីហ្គេម លើកទី៣១ នេះនឹងធ្វើពិធីបើកនូវថ្ងៃទី២១ វិច្ឆិកា និងបិទការប្រកួតនៅថ្ងៃទី០២ ខែធ្នូ ទោះបីមិនទាន់កំណត់ពីប្រភេទ​កីឡាក៏ពិតមែន ប៉ុន្តែគណៈកម្មាធិការជាតិអូឡាំពិកវៀតណាម បានបង្ហាញថា នឹងមានកីឡា ចំនួនពី ៣៦ដល់៤០ប្រភេទ ដែលត្រូវដាក់ឲ្យ​ប្រកួត ដែលប្រភេទកីឡាភាគច្រើនជាប្រភេទកីឡាអូឡាំពិក។

លោក Tran Duc Phan អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា និងបណ្ដុះបណ្ដាលកាយសម្បទា បាននិយាយថា វៀតណា នឹងផ្ដោត​សំខាន់លើការដាក់បញ្ចូលនូវប្រភេទកីឡាអូឡាំពិកឲ្យបានច្រើន។ ជាមួយគ្នានេះក្នុងឋានៈជាម្ចាស់ផ្ទះ វៀតណាមនឹងប្រើសិទ្ធរបស់ខ្លួន​ក្នុងការដាក់បញ្ចូលនូវប្រភេទកីឡាវ៉ូវីណាម ដែលជាប្រភេទកីឡាមានដើមកំណើតនៅវៀតណាម ទៅក្នុងស៊ីហ្គេមលើកនេះ។

សូមបញ្ជាក់ថា វ៉ូវីណាម ត្រូវបានអវត្តមានពីស៊ីហ្គេម ចំនួន ៣លើកមកហើយ ប៉ុន្តែឆ្នាំ២០២១ ខាងមុខនេះ វ៉ូវីណាម នឹងមានវត្តមាននៅលើ​ទឹកដីរបស់ខ្លួនក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ជាមួយគ្នានេះ វៀតណាម នឹងដាក់បញ្ចូលនូវប្រភេទកីឡាប្រពៃណីនៃតំបន់អាស៊ាន ដូចជាកីឡាអារនីស (Arnis) របស់ហ្វីលីពីន ស្រដៀងនឹងល្បុក្កតោ របស់កម្ពុជា ដែលប្រភេទកីឡានេះមានវត្តមានក្នុងស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ កន្លងទៅថ្មីៗ។

ចំពោះប្រភេទកីឡាអុក, កីឡារាំ, បញ្ចសីលា (Pencak Silat), កីឡាប៉េតង់, កីឡាកាយវប្បកម្ម និងកីឡាអេឡិចត្រូនិក (E-Sports), កីឡាសីស្លាប (Shuttle Cock)  និងប្រដាល់សេរី ក៏នឹងមានវត្តមាននៅក្នុងស៊ីហ្គេម លើកទី៣១ ដូចគ្នា៕

 

រូបភាព៖ tintucvietnam

អត្ថបទ៖ វ៉ាន្នី

មតិយោបល់