អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា៖ «…កីឡាកាយសម្ព័ន្ធបើមិនមានការហ្វឹកហាត់តែមួយខែ នោះអ្វីៗនឹងស្មើសូន្យ…»

មាស សុផាណារ៉ុង March 25, 2020


 

ភ្នំពេញ៖ ក្នុងខណៈដែលរាល់ការប្រមូលផ្ដុំនានានៃកីឡាជម្រើសជាតិទាំងថ្នាល ទាំងឈុតធំត្រូវរំសាយ និងមិនមានការប្រមូលផ្ដុំជាបណ្ដោះអាសន្ន ដោយសារវិបត្តិជំងឺកូវីដ១៩ ( COVID-19 ) ក៏ដោយ ក៏កីឡាកាយសម្ព័ន្ធ នៅតែចំណាយពេលហ្វឹកហាត់នៅតាមស្រុកភូមិរបស់ពួកគេដដែល។

លោក ណយ ផាណា ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានប្រាប់ឲ្យដឹងថា៖ «ប្រភេទកីឡាកាយសម្ព័ន្ធបើមិនមានការហ្វឹកហាត់តែមួយខែ នោះអ្វីៗនឹងស្មើសូន្យតែម្ដង។ ប្រភេទកីឡានេះត្រូវការកម្លាំង និងភាពទន់ភ្លន់ ដែលភាពទន់ភ្លន់នេះវាលំបាកជាងការហ្វឹកហាត់កម្លាំងទៅទៀត។»

លោកទទួលស្គាល់ថាពួកគេ គឺទាំងកីឡាករ-កីឡាការិនី ថ្នាលទាំង ១២រូប និងកីឡាករ-កីឡាការិនីជម្រើសជាតិឈុតធំ ចំនួន ១៣រូប ត្រូវបានរំសាយទៅតាមផ្ទះវិញក៏ពិតមែនតែសហព័ន្ធបានណែនាំពួកគេឲ្យធ្វើការហ្វឹកហាត់នៅតាមផ្ទះរបស់ពួកគេឲ្យបានក្នុងមួយថ្ងៃពី ១ម៉ោងទៅមួយម៉ោងកន្លះ ឬក៏អាចច្រើនជាងនេះទៅតាមដែលឱកាសផ្ដល់ឲ្យគេ ហើយគេអាចធ្វើបាន។

ជាមួយនឹងការហ្វឹកហាត់នេះសហព័ន្ធនៅបន្តតាមដានពីគុណផលរបស់កីឡាករ ព្រមទាំងតាមដានពីសុខភាព ហើយប្រសិនបើមានអ្វីប្រែប្រួលពិសេស សុខភាពរបស់ពួកគេ សហព័ន្ធនឹងបញ្ជូនទៅត្រួតពិនិត្យសុខភាពនៅមន្ទីរពេទ្យភ្លាម។

សូមបញ្ជាក់ថា កីឡាកាយសម្ព័ន្ធ មាន ២ប្រភេទគឺកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក ( Gymnastic Aerobic ) និងកាយសម្ព័ន្ធអារទីស្ទីក ( GymNastic Artistic​ ) ដែលទាំង ២ប្រភេទនេះសុទ្ធតែត្រូវការកម្លាំង និងភាពទន់ភ្លន់ដូចគ្នា។ លោកអគ្គលេខាបន្តថាសហព័ន្ធមិនបានបង្ខិតបង្ខំគេឲ្យហាត់នោះទេ គ្រាន់តែឲ្យពួកគេហ្វឹកហាត់ខ្លះៗដើម្បីសុខភាពតែប៉ុណ្ណោះ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់