ព្រឹត្តិការណ៍កីឡាសិស្ស-និស្សិតអាស៊ាន ទំនងជាលុបចោលមួយ

មាស សុផាណារ៉ុង March 25, 2020


 

ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាសិស្ស-និស្សិតអាស៊ាន ចំនួន២ នាឆ្នាំ២០២០នេះ ទំនងជាត្រូវលុបចោលមួយ ឬលុបចោលទាំងស្រុង ដោយសារតែដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ( COVID-19 ) ដែលនៅតែមិនទាន់ស្រាកស្រាននៅឡើយ។

ឯកឧត្តម ព្រំ ប៊ុនយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជានាយបេសកកម្មសម្រាប់ព្រឹត្តិការណ៍កីឡាសិស្ស និងសាកលវិទ្យាល័យអាស៊ាន បានមានប្រសាសន៍ឲ្យដឹងថា៖ សម្រាប់ឆ្នាំ២០២០ នេះសម្រាប់ហ្គេមសិស្ស គឺមានការប្រកួតកីឡាបឋមសិក្សាអាស៊ីអាគ្នេយ៍ លើកទី១១ ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសហ្វីលីពីន។ «ព្រឹត្តិការណ៍នេះត្រូវបានដាក់កាលបរិច្ឆេទធ្វើនៅខែកក្កដា តែពេលនេះវាកៀកនឹងខែមេសាទៅហើយៗប្រសិនបើជម្ងឺ COVID-19 នេះនៅមិនទាន់ស្រាកស្រាន្ដទេនោះព្រឹត្តិការណ៍ទំនងជាលុបចោល។» សម្ដីរបស់ទីប្រឹក្សាដដែលរូបនេះ។

ឯកឧត្តមបន្តថា ប្រទេសហ្វីលីពីនពេលនេះក៏កំពុងតែជួបប្រទះជំងឺនេះផង និងស្ថានភាពសន្តិសុខក៏មិនសូវជាល្អដែរ ហេតុនេះព្រឹត្តិការណ៍នេះទំនងជាលុបចោល។ សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាបឋមសិក្សា នេះ កម្ពុជា ធ្លាប់ចូលរួមប្រកួតបានចំនួន ៣លើកផងដែរ។

សម្រាប់ការប្រកួតព្រឹត្តិការណ៍មួយផ្សេងទៀត គឺការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ ( ASEAN University Games ) លើកទី១៩ ដែលធ្វើនៅប្រទេសថៃ ។

ដំបូងឡើយព្រឹត្តិការណ៍នេះត្រូវធ្វើនៅប្រទេសហ្វីលីពីន តែដោយសារតែមានបញ្ហាខ្លះៗនោះទើបគណៈកម្មការរៀបចំការប្រកួតសម្រេចចិត្តផ្ទេរមកប្រកួតនៅប្រទេសថៃវិញ។ សម្រាប់ព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន នឹងធ្វើឡើងនៅខែវិច្ឆិកា នាចុងឆ្នាំនេះ។ រយៈពេលនៅវែងឆ្ងាយហេតុនេះព្រឹត្តិការណ៍ប្រហែលជាមិនលុបចោលនោះទេ។ ពេលនេះអ្វីដែលកម្ពុជាត្រូវធ្វើនោះ គឺពិចារណាឲ្យអត្តពលិក បានហ្វឹកហាត់តែអ្វីៗត្រូវស្វែងរកគំនិតរួមមួយដើម្បីផ្ដល់ឱកាសឲ្យអត្តពលិក បានវិលមកកាន់ទីលានហ្វឹកហាត់វិញ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់