ពហុកីឡដ្ឋានត្រៀមស៊ីហ្គេម-២០២៣ បន្ដសាងសង់ធម្មតា ទោះជំងឺ COVID-19 រាតត្បាតខ្លាំង

មាស សុផាណារ៉ុង March 24, 2020


 

ភ្នំពេញ៖ កីឡដ្ឋានធំ ឬ Main Stadium នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងត្រៀមស្វាគមន៍ពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បាននឹងកំពុងដំណើរការសាងសង់ធម្មតា មិនរងផលប៉ះពាល់ដោយសារជំងឺផ្លូវដង្ហើមប្រភេទថ្មី Covid-19 ដែលកំពុងរាតត្បាតលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជានោះទេ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នកីឡដ្ឋានធំដ៏ធំស្កឹមស្កៃខាងលើ កំពុងត្រូវបានពន្លឿនការសាងសង់ធម្មតា ពិសេសការដំឡើងគ្រឿងដង្គុំសំខាន់ៗ ក៏ជិតហើយដែរ។ តាមការប៉ាន់ស្មាននៅសល់ប្រហែល ២០% ទៅ ៣០% ទៀត កីឡដ្ឋានស្ដង់ដារអន្ដរជាតិនេះ នឹងរួចរាល់ស្ថាពរ នៅដំណាច់ឆ្នាំ២០២០។

ចំពោះស្ថានភាពបច្ចុប្បន្ន ទោះមានការរាតត្បាតពីវីរុស Covid-19 ក៏ពិតមែន តែមិនប៉ះពាល់ដំណើការសាងសង់នោះទេ ព្រោះក្រុមហ៊ុនសាងសង់ មានវិធានការណ៍ចំនួន ដើម្បីបង្ការ និងទប់ស្កាត់វីរុសដ៏កាចសាហាវនេះ ជាក់ស្ដែងវិស្វករ និងកម្មករ ទាំងខ្មែរ និងចិន មិនត្រូវបានអនុញ្ញាតឲ្យចេញ-ចូល ក្រៅពីបរិវេណកន្លែងធ្វើការនោះទេ។ ពាក់ព័ន្ធហិរញ្ញវត្ថុ ក៏គ្មានបញ្ហា ឬក្ដីបារម្ភដែរ ព្រោះគម្រោងនេះ មានទុនស្រាប់ ដើម្បីចំណាយ។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម។

សូមបញ្ជាក់ថា កីឡដ្ឋានធំ នៃពហុកីឡាដ្ឋានជាតិមរតកតេជោ គឺជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋបាល នៃសាធារណៈរដ្ឋប្រជាមានិតចិននេះ ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ១៦០លានដុល្លារ ។ កីឡដ្ឋាននេះ សាងសង់លើផ្ទៃដី ១៦.២២ ហិកតា នាសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

កីឡដ្ឋាននេះ អាចផ្ទុកអ្នកទស្សនាបានជាង ៦ម៉ឺននាក់ ហើយមានលក្ខណៈពិសេសជាច្រើន ហើយអាចជម្លៀសអ្នកទស្សនាទាំងអស់ក្នុងពេលត្រឹម ៧នាទីប៉ុណ្ណោះ ពេលមានអាសន្ន៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់