ឯកឧត្តម វ៉ាត ចំរើន គាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៃការពន្យាពេលព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២០ នេះ

មាស សុផាណារ៉ុង March 23, 2020


 

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៩ ខែមីនា រដ្ឋាភិបាលកម្ពុជា ដោយមានហត្ថលេខារបស់ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញលិខិត ពន្យារពេលព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២០ ជាផ្លូវការ ដោយមិនទាន់កំណត់ពេលវេលាច្បាស់លាស់នៅឡើយ និងរង់ចាំស្ថានភាពជំងឺឆ្លង COVID-19 មានភាពធូរស្រាស ឬប្រក្រតីឡើងវិញសិន។

ព្រឹត្តិការណ៍កីឡាជាតិដែលរៀបចំធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដង បានរៀបចំ ២លើករួចមកហើយ ក្នុងគោលបំណងសម្រួចផែនការឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ទាំងការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនី និងធនធានមន្ដ្រីបច្ចេកទេសសម្រាប់ការរៀបចំព្រឹត្តិការណ៍ទាំងមូល ពិសេសពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេមតែម្ដង តែឆ្នាំនេះ ត្រូវបានពន្យារពេលដោយសារបញ្ហាវីវុស កូរូណាដែលបញ្ហាធ្វើឱ្យ សមិទ្ធផលរបស់កីឡាករធ្លាក់ចុះច្រើន ព្រោះថាទាំងការប្រមូលផ្ដុំ និង ការហ្វឹកហាត់ផ្សេងៗត្រូវបានផ្អាកដំណើរការទាំងអស់។

អគ្គលេខាធិការនៃគណៈកម្មារធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២០ ដែលគ្រោងធ្វើចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៦ ខែឧសភាខាងមុខនេះ ត្រូវបានរាជរដ្ឋាភិបាល ឯកភាពអនុញ្ញាតឲ្យពន្យារពេលប្រកួតផ្លូវការហើយ។

ឯកឧត្តមបន្តថា៖ «ឥឡូវយើងមានផលប៉ះពាល់ច្រើន ពិសេសកីឡាករមិនបានហាត់ អាចប៉ះពាល់បច្ចេកទេស ឬអាចគ្រោះថ្នាក់ពេលប្រកួតច្រើន។ ម្យ៉ាងការហាត់ស៊ាំត្រៀមសម្ដែងអបអរពិធីបើក-បិទ ក៏មិនបានហាត់ដែរ។ ចឹងវាជាការល្អដែលយើងផ្អាក ហើយរកពេលប្រមូលផ្ដុំឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមរៀបចំឡើងវិញ។ ចឹងយើងសូមថ្លែងអំណរគុណរាជរដ្ឋាភិបាល សម្រាប់ការឯកភាពលើកពេល ដ្បិតនេះជាកង្វល់អ្នកបច្ចេកទេស តែយើងនឹងតែបន្ដការខំប្រឹង ដើម្បីត្រៀមរៀបចំ ព្រោះយើងមិនបោះបង់ផែនការនេះឡើយ។»

ជាមួយការពន្យារពេលនេះ ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងអំណរគុណ និងគាំទ្រចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ដែលបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់កីឡាករ-កីឡាការិនី ពិសេសផ្ដល់ឱកាសឲ្យគណៈកម្មការ មានពេលវេលាគ្រប់គ្រាន់ ក្នុងការត្រៀមលក្ខណៈរៀបចំ នៅពេលស្ថានភាពរីករាលដាល នៃជំងឺឆ្លង Covid-19 មានសភាពប្រក្រតីឡើងវិញ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់