គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ប្តេជ្ញានឹងពង្រីកសាខាបន្ថែមទៀត

មាស សុផាណារ៉ុង March 20, 2020


 

ភ្នំពេញ៖ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៣ និងបន្តអាណត្តិទី៤ ឆ្នាំ២០១៨-២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមធិបតីភាពឯកឧត្តម សែម សុខា ដែលជា អនុប្រធាននាពេលថ្មីៗកន្លងមកនេះ ខណៈគណៈកម្មាធិការជាតិដែលទទួលខុសត្រូវលើជនខ្សោយបញ្ញាមួយនេះបានប្រកាសពង្រីកសាខាបន្ថែមទៀត។

ឯកឧត្តម សែម សុខា ដែលជារដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា មានការទទួលខុសត្រូវក្នុងការអភិវឌ្ឍវិស័យកីឡាជនពិការខ្សោយសតិបញ្ញានៅប្រទេសកម្ពុជា ដោយទទួលបានការសហការគ្នាយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកសាខារបស់ខ្លួន ដោយបានបង្កើតអនុគណៈ កម្មាធិការរាជធានី-ខេត្ត។

ឯកឧត្តមបានបន្ដថា បច្ចុប្បន្នគណៈកម្មាធិការជាតិមួយនេះមានសាខារបស់ខ្លួនចំនួន ១៣ខេត្ត និងកំពុងបន្តពង្រីកទៅបណ្តាខេត្តមួយចំនួនទៀតដើម្បីផ្តល់ឱកាសឱ្យជនខ្សោយសតិបញ្ញទាំងក្មេង ទាំងចាស់ នៅទូទាំងប្រទេសបានចូលរួមក្នុងសកម្មភាពសង្គមតាមរយៈវិស័យកីឡាឱ្យកាន់តែផុសផុលឡើង។

ឯកឧត្តមក៏បានអំពាវនាវដល់អនុគណៈកម្មាធិការរាជធានីខេត្ត ក៏ដូចជាអង្គការសមាគមនានាដែលគ្រប់គ្រងផ្ទាល់ជួយដល់ជនខ្សោយសតិបញ្ញា សូមយកចិត្តដាក់បីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ ការត្រួតពិនិត្យសុខភាព និងការចូលរួមប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំតាមកម្មវិធីជារៀងរាល់ឆ្នាំ។ ហើយម៉្យាងទៀត គឺមានតែក្រុមគ្រួសារ ឪពុក-ម្តាយ អាណាព្យាបាល ឬអ្នកដែលជិតបំផុតរបស់កីឡាករ-កីឡាការិនីជនបញ្ញាខ្សោយប៉ុណ្ណោះ ដែលជាកត្តាសំខាន់ក្នុងការបំផុសជំរុញលើកទឹកចិត្តដល់ពួកគាត់ ដើម្បីចូលរួមប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា៕

 

រូបភាព៖ Special Olympics Cambodia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់