ប្រមុខកីឡាការ៉ាតេកម្ពុជា បង្ហាញពីមហិច្ឆតារកគ្រូជប៉ុនមកបង្ហាត់កីឡាករ-កីឡាការិនី ឲ្យបាន ក្នុងឆ្នាំ២០២០

មាស សុផាណារ៉ុង March 19, 2020


 

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បង្ហាញពីមហិច្ឆតា រកគ្រូជនជាតិជប៉ុនឲ្យមកជួយ​បង្ហាត់ដល់ កីឡាករ-កីឡាការិនី របស់កម្ពុជា​។

ឆ្នាំ២០២០ នេះ គឺជាឆ្នាំដែលត្រូវប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ( Tokyo Olympic 2020 ) ហើយក៏ជាឆ្នាំដែលប្រភេទកីឡានេះត្រូវ​បានដាក់ឲ្យប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក ជាលើកដំបូង ហើយក៏ជាឆ្នាំដែលកីឡាការ៉ាតេ ក្លាយជាប្រភេទកីឡាអូឡាំពិកផង​ដែរ។

លោកប្រធានសហព័ន្ធបានប្រាប់ទៅសមាជិកប្រតិបត្តិរបស់សហព័ន្ធថា៖ «ត្រូវតែស្វះស្វែងរកគ្រូបរទេសមកបង្ហាត់ឲ្យបាន ពិសេស​គ្រូជនជាតិជប៉ុន ព្រោះជប៉ុនជាម្ចាស់នៃក្បាច់គុនការ៉ាតេនេះ។ ការហ្វឹកហាត់ត្រូវតែច្បាស់លាស់ ពិសេសវិញ្ញាសាមេគុន ( ការសម្ដែងកាតា ) ចំពោះវិញ្ញាសាប្រយុទ្ធមិនសូវជាមានបញ្ហានោះទេឲ្យតែហ្វឹកហាត់ខ្លាំង និងច្បាស់លាស់ ព្រមទាំងមានឆន្ទៈច្បាស់លាស់ក្នុងការប្រកួតនោះគឺយើងធ្វើបានល្អហើយ។»

សម្រាប់ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ នោះ កម្ពុជាត្រូវតែមានកីឡាករ-កីឡាការិនី ដែលមាន​សមត្ថភាពទាំងអ្នកលេងវិញ្ញាសាប្រយុទ្ធ ទាំងអ្នកលេងវិញ្ញាសាសម្ដែង ទោះបីពេលនេះការ៉ាតេកម្ពុជា ខ្លាំងមិនចាញ់ប្រទេសជិតខាងក៏ពិតមែន តែកម្ពុជាត្រូវតែបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។

ចំពោះគ្រូបង្វឹក មន្ត្រីបច្ចេកទេស ក៏ត្រូវតែបង្កើននូវសមត្ថភាពរបស់ខ្លួនបន្ថែមទៀតផងដែរ ដើម្បីអាចចូលរួមចំពេញការងារជា​លក្ខណៈអន្តរជាតិបាន៕

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖​ វ៉ាន្នី

មតិយោបល់