ការប្រកួតកីឡាបឋមសិក្សា ទម្រង់ហ្គេមថ្នាក់ជាតិលើកដំបូង ឆ្នាំ២០២០ ត្រូវបានពន្យារពេល

មាស សុផាណារ៉ុង March 18, 2020


 

ភ្នំពេញ៖ ដោយមានការឯកភាពពីក្រសួងអប់រំ យុវជន និងកីឡា និងអគ្គនាយកដ្ឋានកីឡា នោះសម្រាប់ឆ្នាំ២០២០ ការប្រកួតកីឡាសម្រាប់កម្រិតបឋមសិក្សានឹងរៀបចំជាទម្រង់ហ្គេមថ្នាក់ជាតិ ជាលើកដំបូង គ្រោងរៀបចំឡើង ប៉ុន្តែត្រូវបានសម្រេចពន្យារពេលបន្ទាប់ពីមានបញ្ហាវិបត្ត កូវីដ-១៩ ( COVID-19 ) ដែលកំពុងមានឥទ្ធិពលនៅកម្ពុជា។

យោងតាមសេចក្ដីជូនដំណឹងដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៨ ខែមីនា នេះ បានបញ្ជាក់អំពីការសម្រេចពន្យាពេលប្រកួតកីឡាបឋមសិក្សា ទម្រង់ហ្គេមថ្នាក់ជាតិ ឆ្នាំ២០២០ ដែលគ្រោងធ្វើពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ រហូតដល់មានការជូនដំណឹងជាថ្មី។

ការសម្រេចពន្យាពេលនេះផងដែរ គឺក្រោយមានការចេញសេចក្តីណែនាំ ស្តីពីការចាប់ផ្តើមវិស្សមកាលតូច និងការឈប់សម្រាកមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទទាំងសាធារណះ និងឯកជន នៅទូទាំងប្រទេស ដោយក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ។

គួររំលឹកផងដែរថា ដើមឡើយការប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិ លើកទី១ នាឆ្នាំនេះ ដែលគ្រោងនឹងធ្វើពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា គឺមានកីឡាចំនួន ៨ប្រភេទ នឹងត្រូវដាក់បញ្ចូលទៅក្នុងការប្រកួត ដែលរួមមាន៖ បាល់ទាត់, បាល់បោះ, បាល់ទះ, អត្តពលកម្ម, វាយសី, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT ( World Taekwondo ) របស់កូរ៉េខាងត្បូង និងតេក្វាន់ដូ ITF ( International Taekwondo Federation ) របស់កូរ៉េខាងជើង។

ចំពោះទីលានប្រកួត គឺបានជ្រើសរើសទីលានចំនួន៥ ក្នុងនោះមានទីលានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក, វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, វិទ្យាល័យច្បារអំពៅ, វិទ្យាល័យបឹងកេងកង និងវិទ្យាល័យបាក់ទូក៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់