គណៈកម្មការចំពោះកិច្ច បើកកិច្ចប្រជុំ ដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងាររៀបចំការប្រកួតកីឡាជាតិ លើកទី៣

មាស សុផាណារ៉ុង March 16, 2020


 

ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអបរំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំលើកទី៦ ដើម្បីពិភាក្សាការងារត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាជាតិ លើកទី៣ ( The 3rd National Games ) ឆ្នាំ២០២០ នៅសាលប្រជុំ ក្នុងអាគារមជ្ឍមណ្ឌលជាតិហ្វឹកហ្វឹនកីឡា នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ដោយមានឯកឧត្តមសេនីយ៍ឯក តែម ម៉ឺន អគ្គលេខាធិការរងតំណាងភាគីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចូលរួមប្រជុំ។

ក្រោយពីបានស្ដាប់របាយការណ៍សកម្មភាពការងាររបស់គណៈកម្មការរៀបចំការប្រកួតនីមួយៗ រួចមក ឯកឧត្តម ស សុខា បានធ្វើវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលបានទទួលបានចេញមកដល់ពេលនេះដោយមានការខិតខំប្រឹងប្រែងពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងបានស្នើរដល់គ្រប់គណៈកម្មាការរៀបចំការប្រកួតកីឡាជាតិ លើកទី៣ ទាំងអស់មេត្តាបន្តការខិតខំប្រឹងប្រែង សហការណ៍គ្នាបន្តទៀត ក្នុងនៃជួយរៀបចំការប្រកួតរបស់ជាតិមួយនេះ អោយកាន់តែមានពិសេសជានេះទៅទៀត ដើម្បីជួយសម្រួលការងារទាំងនេះ ឲ្យកាន់តែរលូត ដល់បណ្ដាអង្គភាព ក្លិប សមាគម ប្រតិភូកីឡាករ-កីឡាការិនីដែលបានចូលរួមប្រកួត។

សូមបញ្ជាក់ថា ព្រឹត្តការណ៍ការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២០ នេះ គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី០៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ខេត្តកែប និងខេត្តកំពង់ធំ និងមានប្រភេទកីឡាចំនួន ៣០ប្រភេទសម្រាប់ដាក់ប្រកួត ត្រូវបានចែកចេញជា ២៩៣វិញ្ញសារ ក្នុងនោះមាន ៨៣វិញ្ញសារ សម្រាប់នារី ព្រមទាំងមានប្រតិភូគ្រូបង្វឹក កីឡាករ-កីឡាការិនី ចំនួន ៤,០៤២នាក់ មកពី ២៥រាជធានី-ខេត្ត និងសមគម ក្លឹបចំនួន៣ គឺ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ។

ចំពោះកីឡាជាតិ លើកទី៣ ក្រសួងអប់រំ យុវជន និងកីឡា ដាក់កីឡាទាំង ៣០ប្រភេទឲ្យប្រកួតរួមមានកីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, ប៉េតង់, វាយសី, វាយកូនបាល់, វាយកូនឃ្លីលើតុ, ចំបាប់, តេក្វាន់ដូ W.T.F របស់កូរ៉េខាងត្បូង, ហែលទឹក, ល្បុក្កតោ, កាយសម្ព័ន្ធ, ប្រដាល់សាកល, ហ្សូរិនជីកាំប៉ូ, តេក្វាន់ដូ I.T.F របស់កូរ៉េខាងជើង, ការ៉ាតេដូ, ប្រដាល់គុនខ្មែរ, យូដូ, ទ្រីយ៉ាត្លុង, សូហ្វតិន្នីស, បេស្បល, ប្រណាំងកង់, សីដក់, កីឡាបាញ់កាំភ្លើង និង វ៉ូវីណាម និង ៣ប្រភេទកីឡាទៀតដែលត្រូវបន្ថែម គឺម៉ូតូទឹក អុក និងកីឡាជិះសេះ។

សូមបញ្ជាក់ថា ការប្រកួតកីឡាជាតិ លើកទី១ រាជធានីភ្នំពេញ ដណ្ដើមបានមេដាយច្រើនជាងគេគឺចំនួន ១០២គ្រឿង ដែលក្នុងនោះមាស ៤១គ្រឿង ប្រាក់ ៣៤គ្រឿង និងសំរិទ្ធ ២៧គ្រឿង។ ក្រសួងមហាផ្ទៃ បានចំណាត់ថ្នាក់លេខ២ និងការពារជាតិ ចំណាត់ថ្នាក់លេខ៣។

ចំពោះការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេ គឺមានចំនួន ១៤៩គ្រឿង ដែលក្នុងនោះមេដាយមាស ចំនួន៨៣គ្រឿង ប្រាក់២៣គ្រឿង និងសំរិទ្ធចំនួន៤៣គ្រឿង រាជធានីភ្នំពេញ បានចុះមកចំណាត់ថ្នាក់លេខ២ និងការពារជាតិ រក្សាតំណែងលេខ៣ដដែល៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់