ពិធីជួបជុំគ្រួសារកីឡាជាង ៤០០០នាក់ ត្រូវបានរំសាយ ដោយសារ វីរុសកូវីដ-១៩

មាស សុផាណារ៉ុង March 16, 2020


 

ភ្នំពេញ៖ ដើម្បីបង្ការ នូវវីរុសកូវីដ ១៩ កម្ពុជា បានសម្រេចរំសាយ ពិធីជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយគ្រួសារកីឡា កីឡាករ-កីឡាការិនី ៤០០០នាក់ នៅដើមខែមេសា ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កាលពីពេលថ្មីៗនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសប្រាប់បណ្ដាញសារព័ត៌មានតាមបណ្ដាញសង្គម Facebook ថា៖ «សូមគោរពជម្រាបជូនដំណឹង ពិធីពិសារអាហារសាមគ្គីក្នុងមហាគ្រួសារកីឡាជាតិ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ត្រូវបានផ្អាក។ សូមអភ័យទោស និងសូមអរគុណ អគ្គលេខាធិការដ្ឋាន NOCC។»

នេះជាលើកទី១ ហើយដែល កម្ពុជាសម្រេចរំសាយពិធីជួបជុំពិសារអាហារជាមួយសម្ដេចតេជោ ហ៊ុន សែន ខណៈកម្ពុជា ធ្លាប់រៀបចំ ៤លើករួចមកហើយ តាំងពីឆ្នាំ២០១៦ នៅអគារមហោស្រពពាណិជ្ជកម្មកោះពេជ្រ។

ការប្រកាសបែបនេះ បន្ទាប់ពីមានការឆ្លងវិរុសប្រភេទនេះ ចូលមកដល់ក្នុងខេត្តសៀមរាប កំពង់ចាម និង រាជធានីភ្នំពេញ តាមរយៈជនបរទេសមួយចំនួន ហើយជាវិធានការការពារទប់ស្កាត់បន្ទាន់ នៃការរីករាលដាលនជំងឺដ៏សាហាវនេះ។

ស្របពេលជាមួយគ្នានេះដែរ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC ) ដែលជាសេនាធិការរៀបចំការប្រកួតលីគកំពូលកម្ពុជា កាលពីចុងសប្ដាហ៍ថ្មីៗនេះ ក៏បានចេញសេចក្តីប្រកាស ជូនដល់ ក្លិបទាំង ១៣ឲ្យចូលរួមការពារ និងបង្ការវីរុសកូវីដ ១៩ផងដែរ។ នៅក្នុងសេចក្តីប្រកាសនោះបានបញ្ជាក់ថា៖ «ជាការចូលរួមចំណែកដើម្បីបង្ការហានិភ័យនៃការឆ្លងវីរុសកូវីដ ១៩ ជុំវិញកីឡដ្ឋាន និងធ្វើឲ្យការប្រកួតទាំងមូលមានសុវត្ថិភាពដល់កីឡាករក៏ដូចជាអ្នកគាំទ្រ CNCC បានណែនាំឲ្យមន្ត្រីស្នងការប្រកួតសម្រាប់ការប្រកួត និងផ្តល់ឧបករណ៍វាស់កម្តៅដល់ស្នងការនីមួយៗ ដើម្បីត្រួតពិនិត្យកីឡាករគ្រប់រូបមុនពេលប្រកួតទាំងក្រុមម្ចាស់ផ្ទះ និងក្រុមភ្ញៀវនាថ្ងៃប្រកួតនីមួយៗ»។

មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃទី១៤ ខែមីនា ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ដោយសម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន ( វិស្សមកាលតូចមុនកាលកំណត់ ) សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជនទាំងអស់ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីផងដែរ។

គួបញ្ជាក់ផងដែរថា ជំនួបប្រចាំឆ្នាំនេះ ធ្វើឡើងដើម្បីលើកទឹកចិត្តថ្នាក់ដឹកនាំ គ្រូបង្វឹក និងអត្តពលិក ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យកីឡា និងបានសាងស្នាដៃជូនជាតិលើឆាកអន្តរជាតិកន្លងមក៕

 

រូបភាព៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់