កម្ពុជា នឹងធ្វើម្ចាស់ផ្ទះការប្រកួតកីឡាតេក្វាន់ដូអាយធីអេហ្វជើងឯកអាស៊ីអាគ្នេយ៍

មាស សុផាណារ៉ុង March 13, 2020


 

ភ្នំពេញ៖ ប្រមុខសហព័ន្ធកីឡាតេក្វាន់ដូ I.T.F ( International Taekwondo Federation ) កម្ពុជាគឺ ឯកឧត្តម កែវ រ៉េមី បានប្រកាសថាកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាតេក្វាន់ដូអាយធីអេហ្វអាស៊ីអាគ្នេយ៍។

កាលពីឆ្នាំ២០១៦ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះម្ដង ហើយកម្ពុជាទទួលបានជោគជ័យយ៉ាងខ្លាំង ខណៈនៅខែតុលា ឆ្នាំ២០២០ នេះកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ ម្ដងទៀត។ អ្វីដែលសំខាន់នោះប្រមុខតេក្វាន់ដូ អាយ.ធី.អេហ្វកម្ពុជា និង​ជាប្រមុខតេក្វាន់ដូ អាយ.ធី.អេហ្វ អាស៊ីអាគ្នេយ៍ ផងនោះពេលនេះកំពុងតែស្វែងរកការគាំទ្រដើម្បីបញ្ចូលប្រភេទកីឡានេះទៅក្នុងការប្រកួត​កីឡាអាស៊ីអាគ្នេយ៍ ( SEA Games )។

ឯកឧត្តម កែវ រ៉េមី បានបង្ហាញនូវជំនឿចិត្តថា យ៉ាងយូរបំផុតនៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម លើកទី​៣២ នោះតេក្វាន់ដូអាយ.ធី.អេហ្វ នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលនោះ។ ពេលនេះតេក្វាន់ដូអាយ ធី អេហ្វកម្ពុជាកំពុងតែ​ពង្រីកវិសាលភាពទៅតាមបណ្ដារាជធានី ខេត្ត ។

ជាមួយគ្នានេះការបណ្រុះបណ្ដាលមន្ត្រីបច្ចេកទេស មន្ត្រីរៀបចំការប្រកួត ចៅក្រម អាជ្ញាកណ្ដាលទាំងថ្នាក់ជាតិ និងអន្តរជាតិ​សហព័ន្ធនៅតែបន្តធ្វើស្របគ្នាជាមួយនឹងការកសាងថ្នាលសម្រាប់បន្តវេនទៀតផង។

សូមបញ្ជាក់ថា កាលប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ បានប្រទេសចំនួន៧ ក្នុងតំបន់ចូលរួមដែលក្នុងនោះរួមមានកម្ពុជា ដែលជាម្ចាស់ផ្ទះ វៀតណាម, ម៉ាឡេស៊ី, សឹង្ហបូរី, ថៃ, ឥណ្ឌូនេស៊ី និងហ្វីលីពីន។ គ្រានោះកម្ពុជា ដណ្ដើមបានមេដាយមាស ចំនួន ៣១គ្រឿង មេ​ដាយប្រាក់ ១០គ្រឿង និងមេដាយសំរិទ្ធចំនួន ១១គ្រឿង។

សម្រាប់ឆ្នាំ២០២០ នេះ ឯកឧត្តម កែវ រ៉េមី មានជំនឿចិត្តថាប្រទេសដែលចូលរួមនឹងកើនជាងមុន ប្រទេសក្នុងតំបន់ទាងអស់ក៏នឹងមានការរីកចម្រើនផ្នែកបច្ចេកទេស ហើយកម្ពុជាក៏នឹងធ្វើកាន់តែបានល្អប្រសើរជាងមុនជាមិនខានឡើយ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់