ស្ថាប័នកីឡា ប្រជុំត្រួតពិនិត្យ បទបញ្ញត្តិ និងបទបញ្ជាការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២០

មាស សុផាណារ៉ុង March 13, 2020


 

ភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ព្រំ បុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសហព័ន្ធកីឡាជាតិ ទាំង៣០ ត្រៀមការប្រកួតក្នុងកីឡាជាតិ លើកទី៣ ដើម្បីត្រួតពិនិត្យបទបញ្ញត្តិ និងបទបញ្ជា លើប្រភេទកីឡារៀងៗខ្លួន និងត្រៀមបោះពុម្ភផ្សាយ ទៅកាន់បណ្តារាជធានី-ខេត្ត ក្រសួង ស្ថាប័ន ដើម្បីចូលរួម។

ឯកឧត្តម ព្រំ ប៊ុណ្ណយី បានប្រាប់អង្គប្រជុំថា៖ «នៅក្នងការប្រកួតធំៗការរៀបចំសៀវភៅបច្ចេកទេស (Technical Handbook) មានសារសំខាន់ណាស់ ព្រោះវាជាការបង្ហាញពីបច្ចេកទេស ពីវិញ្ញាសាដែលត្រូវប្រកួត។ សាមីសហព័ន្ធ គឺជាអ្នករៀបចំនូបបទបញ្ជាបច្ចេកទេសបន្ទាប់មក ក្រសួងអប់រំ យុវជន និងកីឡា យកមកបោះពុម្ពជាសៀវភៅតែម្ដង។»

ចំពោះកីឡាជាតិ លើកទី៣ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់កីឡាចំនួន ៣០ប្រភេទឲ្យប្រកួត រួមមានកីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, ប៉េតង់, វាយសី, វាយកូនបាល់, វាយកូនឃ្លីលើតុ, ចំបាប់, តេក្វាន់ដូ W.T.(World Taekwondo) របស់កូរ៉េខាងត្បូង, ហែលទឹក, ល្បុក្កតោ, កាយសម្ព័ន្ធ, ប្រដាល់សាកល, ហ្សូរិនជីកាំប៉ូ, តេក្វាន់ដូ I.T.F (International Taekwondo Federation) របស់កូរ៉េខាងជើង, ការ៉ាតេដូ, ប្រដាល់គុនខ្មែរ, យូដូ, ទ្រីយ៉ាត្លុង, សូហ្វតិន្នីស, បេស្បល, ប្រណាំងកង់, សីដក់, កីឡាបាញ់កាំភ្លើង និង វ៉ូវីណាម ហើយឆ្នាំនេះក្រសួងសម្រេចថែម ៣ប្រភេទកីឡាទៀតគឺ ម៉ូតូទឹក, អុក និងកីឡាជិះសេះ។

សូមបញ្ជាក់ថា ការប្រកួតកីឡាជាតិ លើកទី៣ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។

គួររំលឹកថា ការប្រកួតកីឡាជាតិ លើកទី១ ឆ្នាំ២០១៦ មានប្រភេទកីឡាចំនួន១៥ វិញ្ញាសាមានចំនួន១៨៩ ស្មើនឹងរាជធានី-ខេត្ត ចំនួន២៥ ចូលរួម ដោយមានមន្រ្តីដឹកនាំ និងគ្រូបង្វឹក មានចំនួន ៥៣១នាក់ កីឡាករចំនួន ១,៤៩៧នាក់ កីឡាការិនី មានចំនួន ៦០៩នាក់ សរុបចំនួន ២,៦៣៧ នាក់។

ចំណែកកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ មានប្រភេទកីឡាចំនួន២៧ វិញ្ញាសាមានចំនួន២៧៤ រាជធានី-ខេត្ត២៥ និង ៣ក្រសួងគឺ ក្រសួងការពារជាតិ, មហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្រ្តីដឹកនាំ និងគ្រូបង្វឹក មានចំនួន ៧៥៩នាក់ កីឡាករចំនួន ២,២៨៤នាក់ កីឡាការិនី មានចំនួន ៩៩៩នាក់ សរុបចំនួន ២,៦៣៧នាក់៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់